គួរឲ្យសោកស្តាយព្រលានយន្តហោះវល្លិយាវ ខេត្តកំពង់ធំត្រូវបានក្រុមហ៊ុនអីយ៉ាម៉ៅការសំរាម រឹបអូសយកធ្វើកន្លែងទីលានចាក់សំរាម

0

ខេត្តកំពង់ធំ៖ ទីតាំងដីព្រលានយន្តហោះវល្លិយាវ ត្រូវបានក្រុមហ៊ុនម៉ៅការប្រមូលសំរាមខេត្តកំពង់ធំ រឹបអូសទីតាំងព្រលាននេះជាច្រើនឆ្នាំមកហើយ ដើម្បីចាក់សំរាមគរដូចភ្នំ បានធ្វើឲ្យមានការសោកស្តាយពីពលរដ្ឋ ខណៈពេលដែលក្រុមហ៊ុនម៉ៅការ ធ្វើនំអត់ម្សៅ បានប្រមូលសំរាមក្នុងខេត្តកំពង់ធំ បានដើរប្រមូលលុយភាស៊ីគ្រប់ខ្នងផ្ទះ គ្រប់តូប គ្រប់ហាង ដែលគិតជាប្រាក់ចំណូលរាប់រយលានរៀលក្នុងមួយខែៗ តែបែរជាមិនហានចំណាយលុយទិញដីមួយកន្លែងសំរាប់ចាក់សំរាមទៅវិញ។

យោងតាមការឲ្យដឹងពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរព្រលានយន្តហោះវល្លិយាវ បានឲ្យដឹងថា ក្រុមហ៊ុនហ្កាអីយ៉ាចាក់​សំរាម បានយកសំរាមមកចាក់នៅទីនេះ បានធ្វើឲ្យប៉ះពាល់សុខភាពរបស់ពួកគាត់យ៉ាងធ្ងន់ធ្ងរ ដែលបានបង្ករឲ្យក្មេងតូចធំ និងមនុស្សចាស់រងផលប៉ះពាល ខ្លះឈឺ ខ្លះក្អក និងខ្លះដកដណ្ហើមមិនរួច ដោយសារតែក្លិនសំរាមស្អុយរលួយ ដែលនៅចម្ងាយពីផ្ទះរបស់ពួកគាត់ប្រមាណ ១០០ម៉ែត្រ ក្នុងនោះពួកគាត់ បានសំណូមពរឲ្យ ក្រុមហ៊ុនហ្កាអីយ៉ាចាក់សំរាម មេត្តាជួយលុគំនរសំរាមផង ដើម្បីកាត់បន្ថយក្លិនស្អុយ។

តំណាងក្រុមហ៊ុនប្រមូលសំរាម បានឲ្យដឹងកាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ថាក្រុមហ៊ុនរបស់លោក មានរថយន្តចំនួន៣គ្រឿង សម្រាប់ដឹកសំរាមនៅក្នុងខេត្តកំពង់ធំ ដែលបានប្រមូលសំរាមក្នុងមួយថ្ងៃចាប់ពី ៣០ទៅ៣៥តោន និងត្រូវបាននាំយកមកចាក់នៅទីតាំងបរិវេណដីព្រលានយន្តហោះ វល្លិយាវ ដែលស្ថិតនៅភូមិវល្លិយាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយសារតែក្រុមហ៊ុនរបស់លោក មិនទាន់មានលទ្ធភាពរកទីតាំងសម្រាប់ចាក់សំរាមថ្មីបាន ។

លោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ បានឲ្យដឹងថា បញ្ហាក្រុមហ៊ុនហ្កាអីយ៉ាចាក់សំរាមនេះ គឺមានការ​សំណូមពរពី​ប្រជាពលរដ្ឋជាច្រើននាក់ដែរ ពាក់ព័ន្ឋនឹងការចាក់សំរាមបង្ករឲ្យមានការប៉ះពាល់ដល់បរិស្ថា​ន និងសុខភាពប្រជាពលរដ្ឋ និងក៏បានពិភាក្សានិងលោកអភិបាលក្រុងស្ទឹងសែន ដើម្បីរិះរកវិធីទីតាំងចាក់សំរាមថ្មី ចៀសវាងមកចាក់នៅក្នុងទីតាំងព្រលានយន្តហោះបន្តទៀត។

លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន បានមានប្រសាសន៍ថា លោកបានពិភាក្សាជាមួយ លោកអភិបាលស្រុក និងលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ពីការស្នើរសុំទីតាំងចាក់សំរាមជាបណ្តោះអាសន្ន នៅទីតាំងព្រលាន ដោយបានកាយរណ្តៅសម្រាប់ចាក់ ដោយសារនៅក្នុងរយះពេលនេះ ផ្លូវលំចូលទៅចាក់សំរាមនៅក្បែរក្រុងដែលជាទីតាំងចាស់ ត្រូវបានកាត់ផ្តាចដោយទឹកភ្លៀង បង្ករឲ្យរងការខូចខាតយ៉ាងដំណំ ទើបការចរារណ៍រថយន្តដឹកសំរាម មិនអាចដឹកទៅបាន ទើបបានសុំកន្លែងចាក់សំរាមនៅទីតាំង ខាងលើជាបណ្តោះអាសន្ន លោកអភិបាលក្រុងបានបញ្ជាក់ថា ឥលូវនេះផ្លូវដែលខូចខាតត្រូវបានជួសជុលឡើងវិញហើយ ប្រហែងអាទិត្យក្រោយ អាចដឹកសំរាមទៅចាក់វិញបានហើយ។

ដោយ ប៊ុន រដ្ឋា