មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំកិច្ចប្រជុំពង្រឹងតួនាទីភារកិច្ច របស់កងយោធពលខេមរភូមិន្ទ

0

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំ ដើម្បីពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ដែលអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯកភាព ស្ថាប័នចំណុះ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ ២០២០។
បន្ទាប់បីស្ថាប័នមួយចំនួន បានរាយការណ៍ជូនអង្គប្រជុំអំពីការអនុវត្តតួនាទី ភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ដែលថ្នាក់លើបានប្រគល់រួចមក ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការ គ្រប់កងឯកភាព និងយោធិនគ្រប់រូបដែលបានរួមគ្នាអនុវត្តបានល្អ តាមផែនការ និងតួនាទី ភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ដែលបានបម្រើជាតិ និងប្រជាជន ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗ៥ចំនុច ទី១- យោធិនគ្រប់រូប ត្រូវស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដោយគោរពយ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជារបស់មេបញ្ជាការគ្រប់បណ្តាថ្នាក់ នៃកងយោធពលខេមរភូមិន្ទ ។
ទី២- ត្រូវត្រៀមខ្លួនរួចជាស្រេច ទាំងមធ្យោបាយ និងសម្ភារៈ គ្រឿងបរិក្ខារ គ្រប់គ្រាន់ ដើម្បីចល័តអន្តរាគមន៍ តាមបទបញ្ជារបស់លើឲ្យបានទាន់ពេលវេលា ទី៣- យោធិនគ្រប់រូបត្រូវទៅ ពិនិត្យឈ្មោះ និងចុះឈ្មោះ បោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីត្រៀមខ្លួនទៅចូលរួមបោះឆ្នោតនៅឆ្នាំ ២០២២ និងឆ្នាំ២០២៣ ដោយមិនអនុញ្ញាតឲ្យយោធិនណាម្នាក់ និងក្រុមគ្រួសារ គ្មាន ឈ្មោះ នៅក្នុងបញ្ជីបោះឆ្នោតឡើយ ទី៤- ត្រូវពង្រឹងវិន័យ ពង្រឹង របៀបរបបការងារ និងពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងនៅគ្រប់បណ្តាថ្នាក់ និងសាមគ្គីភាពល្អជាមួយមហាជន អាជ្ញាធរដែនដី និងកងកម្លាំងទាំង ០៣ ប្រភេទ ដើម្បីសម្រេចភារកិច្ចក្នុងកិច្ចការពារ ជាតិ សាសនា ព្រះមហាក្សត្រ ក៏ដូចជាការចូលរួម ក្នុងការអនុវត្តគោនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ទាំង ៩ ចំណុចរបស់រាជរដ្ឋាភិបាល ។
និងទី៥- ត្រូវបន្តយកចិត្តទុកដាក់ ទៅបម្រើប្រជាជន និងអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតនៅតាមមូលដ្ឋាននីមួយៗ ក្នុងនោះត្រូវយកចិត្តទុកដាក់ជម្រុញឲ្យ ក្រុមគ្រួសារអតីតយុទ្ធជន ទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា នៅក្នុងកិច្ចប្រជុំបានឯកភាព ប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការអនុវត្តតាមបទបញ្ជា និង ផែនការរបស់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានដាក់ចេញឲ្យមានប្រសិទ្ធភាពខ្ពស់ ៕