ពិធីបើកការដ្ឋានសាងសង់ផ្សារទំនើប អ៊ីអន ម៉ល គម្រោងទី៣ ដែលមានឈ្មោះថា “ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ”​ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

0

ភ្នំពេញ​ ៖​ នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញជាអធិបតី​ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្សារទំនើប អ៊ីអន ម៉ល គម្រោងទី៣ ដែលមានឈ្មោះថា “ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ” របស់ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

គម្រោងផ្សារទំនើប​ អ៊ីអន​ ម៉ល​ ទី៣ ដែលគ្រោងនឹងបើកដំណើរការជាផ្លូវការនៅឆ្នាំ២០២២។ គម្រោងផ្សារទំនើប​ អីអន​ ម៉ល​ ទី៣ មានទីតាំងស្ថិតនៅក្នុងគម្រោងINC CITY ដែលជាគម្រោងអភិវឌ្ឍន៍ទីក្រុងធំជាងគេ​ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

គម្រោងផ្សារទំនើប​ អីអន​ ម៉ល​ ទី៣ ក៏ជាកម្លាំងចលករដ៏ សំខាន់ នៅក្នុងការជួយជម្រុញដល់ការអភិវឌ្ឍន៍ នៃទីក្រុង រណបស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលជាតំបន់មានសក្តានុពលខ្លាំង។ ផ្សារទំនើបនេះ ស្ថិតនៅតាមបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុន សែន ដែលមានភាពងាយស្រួលក្នុងការធ្វើដំណើរ ព្រមទាំងបង្កលក្ខណៈឲ្យមានកំណើនប្រជាជន អគារលំនៅដ្ឋាន និងសាលារៀនអន្តរជាតិជាដើម។

គម្រោងផ្សារទំនើបនេះមានទំហំផ្ទៃដី ១៧៤០០០ម៉ែត្រការ៉េ នៅក្នុងនោះមានផ្ទៃអគារ និងផ្ទៃហាងសរុប (GLA) ធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាគម្រោងស្នូលនៃតំបន់អភិវឌ្ឍន៍ខាងលើ។

លើសពីទៅទៀតនេះ គម្រោងផ្សារទំនើបនេះ​ ក៏ជាគម្រោងផ្សារទំនើប​ អ៊ីអន​ ម៉ល ដែលមានទំហំធំជាងគេ នៅក្នុងតំបន់អាស៊ានផងដែរ។ ក្រៅពីផ្សារទំនើប​ អ៊ីអន ដែលមានលក់ទំនិញចម្រុះ និងហាងលក់សំលៀកបំពាក់ ហាងលក់សម្ភារៈប្រើប្រាស់ ភោជនីយដ្ឋាន សេវាកម្មផ្សេងៗជាច្រើនទៀត៕