មួយគ្រួសារស្លាប់ទាំងអស់កូនតូច ឪពុកនិងម្តាយ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបើកលឿន បុកម៉ូតូ ដែលជិះបញ្ច្រាសទិសគ្នា ពេញទំហឹង

ខេត្តក្រចេះ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដ៏រន្ធត់មួយរវាងម៉ូតូនិងរថយន្ដ បានបណ្ដាលឲ្យជនរងគ្រោះមួយគ្រួសារ ០៣នាក់ ឪពុក ម្តាយ និងកូនប្រុស បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។

សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង ១៨.១៥នាទី នាល្ងាចថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ តាមបណ្តោយផ្លូវជាតិលេខ៧ ជិតព្រំប្រទល់ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៥៨-៣៥៩ ក្នុងភូមិសង្គម ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ ។

សេចក្តីរាយការណ៍បន្តថា រថយន្តបង្កម៉ាក camary ស្វិត ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ព្រះសីហនុ: 2A: 2100 រថយន្ត និង ម៉ូតូជនរងគ្រោះខ្ទេចមើលលែងស្គាល់ ខណ:ពេលបើករបរក្នុងទិសដៅបញ្រ្ជាសទិសគ្នា ដោយរថយន្តបង្កបើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពីជើងទៅ ទៅត្បូង ដល់ចំណុចកើតហេតុរថយន្ត បានបុកម៉ូតូដែលធ្វើដំណើរច្រាសទិសគ្នា ពីត្បូង ទៅទិសខាងជើង យ៉ាងពេញទំហឹងបណ្តាលឲ្យជនរងគ្រោះ០៣នាក់ ឪពុក ម្ដាយ ព្រមទាំងកូនប្រុស ស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម សពបែកជាបំណែកៗ ហើយរថយន្តបង្ករងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងម៉ូតូជនរងគ្រោះខូចខាតស្ទើរទាំងស្រុងរហូតមើលមិនស្គាល់ម៉ាក ។

បន្ទាប់ពីកើតហេតុភ្លាមៗនោះអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល ។

ចំពោះសពជនរងគ្រោះទាំង០៣នាក់ ឪពុក ម្តាយ និងកូនប្រុស ខាងសមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។ បច្ចុប្បន្ន ក្រោយកើតហេតុ សមត្ថកិច្ចបានស្ទូចយករថយន្ត និងម៉ូតូ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក សំបូរ ដើម្បីស្រាវជ្រាវ និងបន្តដោះស្រាយនាពេលក្រោយ ៕