កូនឈើប្រណិត​១០០០ដេីម​ ត្រូវបាន​អាជ្ញាធរ​ខេត្តកំពង់ចាម​ ដាំនៅតាមបណ្តោយផ្លូវថ្មី ខណៈ​ស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ​ សម្រេច​បាន​ប្រមាណ​ជា​៩០%

0

កំពង់ចាម​:​ កូន​ឈើ​ប្រណិត​ចំនួន​១០០០ដេីម​ ត្រូវ​បាន​អាជ្ញាធរខេត្តកំពង់ចាម​​ ​បានដាំ​នៅ​អម​សងខាង​ផ្លូវ​ថ្មី​ ខណៈ​ដែលស្ពាន​ឆ្លងកាត់​ស្រុក​​ស្ទឹងត្រង់​-ក្រូចឆ្មារ​ កំពុង​សាងសង់​សម្រេច​បាន​ប្រមាណ​ជា​៩០%​ ដែល​ជា​ចំណង​ដៃ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​។ ការ​ដាំ​កូន​ឈើ​នេះ​ត្រូវ​បាន​ធ្វេី​ឡើង​នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ក្រោម​វត្តមាន​ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម​ ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយថ្នាក់ដឹកនាំមន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស​ និងបងប្អូនប្រជាពលរដ្ឋ​ជាច្រើន​រូប​ផង​ដែរ​។

ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ បាន​លើក​ឡើង​ថា​ ការដាំដើមឈើនៅថ្ងៃនេះ មានគោលបំណង រួមគ្នាក្នុងអភិរក្សធនធានធម្មជាតិដែលកំពុងតែរិចរិល និងចូលរួមក្នុងការកាត់បន្ថយការបម្រែបម្រួលអាកាសធាតុ ហើយ​ក៏​ជា​ការលើកកម្ពស់សោភ័ណភាពបរិស្ថានបៃតងនៅក្នុងទីប្រជុំជនទៀតផង​។
ឯកឧត្តម​អភិបាល​ខេត្ត​ បាន​បន្តថា​ សមិទ្ធិផលជាប្រវត្តិសាស្ត្រ “ស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ” គឺជាចំណងដៃដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះប្រជាពលរដ្ឋក្នុងស្រុកស្ទឹងត្រង់ ជាស្ពានដ៏ល្អប្រណិត ដែល​បម្រើ​ដល់សេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចក្នុងខេត្តកំពង់ចាម។​
ជាមួយគ្នា​នោះ​ ឯកឧត្តម​អភិបាល​ខេត្ត​ ក៏បានសង្កត់​ធ្ងន់ថា​ ការដាំដើមឈើនាពេលនេះ ជាការបណ្ដុះនូវគំនិតយុវជន ប្រជាពលរដ្ឋទាំងអស់ ឲ្យស្រឡាញ់ថែរក្សា និងបន្តការដាំដុះដើមឈើ​ក្នុង​សហគមន៍​ ដូច្នេះ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ ជាពិសេស​អាជ្ញាធរ​មូលដ្ឋាន​ ចូលរួម​ការពារ​ថែរក្សា​ទុក​ជាមរតកសម្រាប់​ឲ្យ​កូនចៅ​ជំនាន់ក្រោយ​ផងដែរ​។

គួរបញ្ជាក់ថា៖ ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាព នៅបណ្តោយផ្លូវថ្មី ឲ្យ​សាកសមជាទីប្រជុំជន និងជាទីមនោរម្យប្រកបដោយបរិយាកាស បរិស្ថានស្អាតសម្រាប់បងប្អូនដែលរស់នៅតំបន់​ និង​អ្នក​ធ្វើដំណើរឆ្លងកាត់តំបន់នោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត​កំពង់ចាម​ បានរៀបចំដើមឈើជាប្រភេទឈើប្រណិត ចំនួន៨០០ដើម ដាំនៅបណ្តោយផ្លូវថ្មីចាប់ពីគល់ស្ពាន ដល់រង្វង់មូលថ្មី និងចំនួន ២០០ដើម នៅតាមដងផ្លូវតាមមាត់ទន្លេក្នុងទីប្រជុំជនស្រុកស្ទឹងត្រង់ ដេីម្បី​ប្រែក្លាយជាតំបន់នោះ​ឲ្យ​មានបរិស្ថានបៃតង និងសោភ័ណភាពស្រស់បំព្រងផងដែរ​ ៕