នៅដើមខែកុម្ភៈឆ្នាំ ២០២១ ក្រុមហ៊ុនដែលមានស្តង់ដាអន្តរជាតិ ចំនួន៣នឹងចេញប្រតិបត្តិការ លើការប្រមូលសំរាមក្នុងរាជធានីភ្នំពេញ

0

ភ្នំពេញ ៖ ក្រុមហ៊ុនប្រមូលសំរាមធំៗចំនួន ០៣ ដែលមានលក្ខណៈស្តង់ដាអន្តរជាតិ នឹងចេញធ្វើប្រតិបត្តិការលើការប្រមូល និងដឹកជញ្ជូនសំរាម នៅក្នុងរាជធានីភ្នំពេញនៅដើមខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ ពោលគឺ ក្រោយពីក្រុមហ៊ុនទាំងបីនេះ បានសម្រេចជ្រើសរើសចប់សព្វគ្រប់។

នេះបើតាមការលើកឡើងរបស់ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក្នុងពេលអញ្ជើញជាអធិបតីភាពក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី១៣ ខែតុលានេះ នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ស្ថិតនៅតាមបណញតោយផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង។

ឯកឧត្តម កើត ឆែ បានមានប្រសាសន៍លើកឡើងទៀតថា មកដល់ពេលនេះ មានក្រុមហ៊ុន៦ ដែលយើងបានជ្រើសរើសរួចហើយ ហើយនៅក្នុងខែតុលា ឆ្នាំ២០២០នេះ ក្រុមហ៊ុនទាំង៦នេះ នឹងត្រូវជ្រើសរើសយកក្រុមហ៊ុនតែ៣ប៉ុណ្ណោះ ដើម្បីចេញប្រតិបត្តិការ លើការប្រមូលសំរាម ក្នុងរាជធានីភ្នំពេញ។

ឯកឧត្តមអភិបាលរងបានបញ្ជាក់ថា ក្រុមហ៊ុនទាំង៣នេះ ជាប្រភេទក្រុមហ៊ុន មានលក្ខណៈអន្តរជាតិ ហើយរថយន្តដែលត្រូវយកមកប្រើប្រាស់ លើការដឹកសំរាមទាំងនេះ យ៉ាងហោចណាស់ក៏មានស៊េរីនៃឆ្នាំផលិត ចាប់ពីឆ្នាំ២០១៥ឡើងទៅដែរ ដោយត្រូវបែងចែកជា៣តំបន់ និងស្ថិតក្រោមការប្រកួតប្រជែងគ្នា។ ក្រោយពីសម្រេចជ្រើសរើសក្រុមហ៊ុនបីនេះហើយ យើងនឹងទុករយៈពេលបីខែ សម្រាប់ឱ្យក្រុមហ៊ុននីមួយៗ រៀបចំក្រុមហ៊ុនរបស់ខ្លួន ពោល គឺនៅដើមខែកុម្ភៈ ឆ្នាំ២០២១ ក្រុមហ៊ុនទាំង៣នោះ នឹងចាប់ផ្ដើមប្រតិបត្តិការប្រមូលសំរាម ជាផ្លូវការហើយ។ នេះជាការកែទម្រង់ថ្មីមួយទៀត ទៅតាមការអភិវឌ្ឍន៍របស់រាជធានីភ្នំពេញ ដែលកាន់តែមានភាពស៊ីវីល័យ។ សំរាមត្រូវបានដឹកបញ្ជូនចេញពីរាជធានីភ្នំពេញ និងបញ្ជូនបន្តទៅដុតចោលដោយមិនទុកឲ្យគរចោលដូចសព្វថ្ងៃនេះទេ។

ឯកឧត្តម កើត ឆែ បានបញ្ជាក់ទៀតថា ការធ្វើកូដកម្មមិនព្រមចូលធ្វើការរបស់កម្មករក្រុមហ៊ុន ស៊ីនទ្រី គឺជាការធ្វើកូដកម្ម ដែលមានចេតនាមិនព្រមចូលធ្វើការវិញ និងមានអ្នកនៅពីក្រោយខ្នង នៃការធ្វើកូដកម្មនេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី រដ្ឋបាលរាជធានីភ្នំពេញ នៅតែដុតដៃដុតជើង ដើម្បីធ្វើការប្រមូលសំរាមឲ្យអស់ពីរាជធានីភ្នំពេញ បើទោះបីយើងប្រមូលមិនបាន១០០ភាគរយក៏ដោយ។

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស បានមានប្រសាសន៍ថា បញ្ហាសំរាមជាបញ្ហាធំមួយ ដែលយើងត្រូវយកចិត្តទុកដាក់។ កម្មករក្រុមហ៊ុនស៊ីនទ្រី ធ្វើកូដកម្មមិនព្រមប្រមូលសំរាម គឺពិតជាធ្វើឲ្យមានបញ្ហាលំបាកហើយ ។ មន្ត្រីយើង អាជ្ញាធរដែនដីយើង ក្រៅពីការងារបម្រើសេវា ជូនប្រជាពលរដ្ឋហើយនោះ យើងបានមមាញឹកក្នុងការចុះប្រមូលដឹកជញ្ជូនសំរាម មិនថាពេលថ្ងៃឬយប់រំលងអាធ្រាតនោះទេ ។ នេះជាការខិតខំប្រឹងប្រែងរបស់មន្ត្រីយើងគ្រប់ជាន់ថ្នាក់។

ឯកឧត្តមបញ្ជាក់ទៀតថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ខាងលើនេះ ប្រជាពលរដ្ឋបានលើកឡើងជាសំនួរសំណើផ្ទាល់មាត់ចំនួន១៨នាក់ និងសំណើរសំណូមពរ ជាលាយលក្ខណ៍អក្សរចំនួន១៧ច្បាប់ ដើម្បីឲ្យអាជ្ញាធររាជធានីភ្នំពេញជួយដោះស្រាយជូនពួកគាត់ លើបញ្ហាការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន ពិសេសការស្ថាបនា ការជួសជុលផ្លូវលូ ការបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈជាមួយ ការប្រមូល និងដឹកជញ្ជូនសំរាម និងការជម្រុញពន្លឿនការផ្តល់សេវានានាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជាដើម៕