ពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៃយោធភូមិភាគទី៤

0

ខេត្តកំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមទាំងមេបញ្ជាការង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នក្បាច់គុនរបស់កងយោធពលខេមរភូមិន្ទ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ដែលមានសិក្ខាកាមចំនួន១០០ នាក់ និងកងកម្លាំងគ្រប់ចូលរួមចំនួន ១៥០ នាក់សរុប ២៥០ នាក់ ស្ថិត នៅ ភូមិ តាឡែកថ្មី ឃុំ សាលា វិស័យ ស្រុក ប្រាសាទ បល្ល័ង្ក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២០។
លោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរង និងជាប្រធានក្រុមការងារគ្រប់គ្រងវគ្គហ្វឹកហ្វឺនបានឡើងរាយការណ៍អំពីលទ្ធផល បានឲ្យដឹងថា ក្រោយការហ្វឹកហាត់ បំប៉នក្បាច់គុនរបស់កងយោពលខេមរភូមិន្ទ អស់រយៈពេល ១៥ ថ្ងៃ នៅទីបញ្ជាការវរសេនាតូចលេខ១ របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រហូតមកដល់ពេលនេះ និងបណ្តាកិច្ចការធានាជីវភាពជូនដល់លោកគ្រូបង្វឹក តំណាងក្រុមយោធាចារ្យដែលបានអញ្ជើញមកពីកងពលតូចលេខ៤១ រួមទាំងសិក្ខាកាមបានល្អប្រសើរ និងបានសម្ដែងក្បាច់គុនសំខាន់ៗរបស់កងយោធពលខេមរភូមិន្ទ ជូនអង្គពិធីទស្សនាផងដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះក្រុមការងារគ្រប់គ្រងវគ្គ លោកគ្រូយោធាចារ្យ និងសិក្ខាកាម ដែលបានខិតខំប្រឹងប្រែងដោយអស់ពីសមត្ថភាពក្នុងការបង្វឹក និងហ្វឹកហាត់ដល់សិក្ខាកាមប្រកបដោយលទ្ធផលល្អគួរជាទីមោទនៈ ធ្វើ ឲ្យកងកម្លាំងយើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ចការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងមានកម្លាំងមាំមួនសុខភាពល្អ សមស្របជាកងយោធពលខេមរភូមិន្ទ ដែលកំពុងមានការវិវត្តន៍រីកចម្រើនជឿនលឿនក្នុងដំណាក់កាលថ្មីនេះ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្ដាំផ្ញើចំណុចសំខាន់ៗមួយចំនួនជូនដល់សិក្ខាកាមទាំងអស់ ១- ត្រូវ បន្តហ្វឹកហាត់បំប៉នបន្ថែមទៀតជូនដល់យោធិនយើងនៅតាមកងឯកភាពចំណុះដែលមិនទាន់បានចូលរួមហ្វឹកហាត់បំប៉ននៅពេលនេះ ២- ត្រូវត្រៀមខ្លួនរួចជាស្រេចដើម្បីអនុវត្តតាមបទបញ្ជាក្នុងភារកិច្ចបម្រើជាតិនិងប្រជាជនពិសេសការពារសុខសន្តិភាពជូនជាតិ និង មាតុភូមិយេីង។៣- ត្រូវត្រៀមខ្លួនជានិច្ចដេីម្បីអនុវត្តន៍តាមបទបញ្ជាក្នុងការទៅជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ដែលពេលនេះកន្លែងមួយចំនួនកំពុងរងនូវការជន់លិចផ្ទះសម្បែង ទ្រព្យសម្បត្តិ របស់ ប្រជាពលរដ្ឋយេីង ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូននូវលិខិតថ្លែងអំណរគុណចំពោះលោកគ្រូចំនួន ០២ រូប ដែលអញ្ជើញមកពីបញ្ជាការដ្ឋានកងពលតូចលេខ ៤១ ចំណុះបញ្ជាការដ្ឋានយោធភូមិភាគទី ៤និងបានឧបត្ថម្ភថវិកាមួយចំនួនផងដែរ ក្រោយពេលប្រកាសបិទបញ្ចប់វគ្គហ្វឹកហ្វឺនបំប៉នក្បាច់គុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរៀបចំពិធីជប់លៀងជូនបងប្អូនយោធាចារ្យ សិក្ខាកាម និងក្រុមការងារគ្រប់គ្រងវគ្គហ្វឹហ្វឺននាឱកាសបិទបញ្ចប់វគ្គនេះផងដែរ ៕