អភិបាល​ខេត្ត​កំពង់ធំ​ អញ្ជើញ​ជា​អធិបតីភាព​ក្នុង ពិធីអបអរសាទរ​ទិវាទេសចរណ៍ពិភពលោកស្អាត ក្រោមប្រធានបទទេសចរណ៍ និង​ការ​អភិវឌ្ឍ​ជនបទ

0

ខេត្ត​កំពង់ធំ,: ឯកឧត្តម​ សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញ​ជាអធិបតីភាព ក្នុងពិធីអបអរសាទរ​ ទិវាទេសចរណ៍ពិភពលោកស្អាត ក្រោមប្រធានបទទេសចរណ៍ និង​ការ​អភិវឌ្ឍ​ជនបទ ដោយ​ការចូលរួម​ពី​លោក​ម៉ាក​ ប៊ុន​ហុង អភិបាល​ក្រុង​ស្ទឹងសែន​ លោក សេង អាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ធំ​ និងមន្ទីរជុំវិញខេត្ត រួមទាំង​កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​៣​ប្រភេទ​ រួម​គ្នា​សំអាតបរិស្ថាន ក្នុង​បរិវេណ​ក្រុង​ស្ទឹងសែន​ នៅព្រឹក​ថ្ងៃទី ១៤ ខែតុលា​ឆ្នាំ ២០២០។
ឯកឧត្តម​សុខ​ លូ អភិបាលខេត្ត កំពង់ធំ បានអានសារសម្តេចតេជោ ហ៊ុន សែន អង្គការសុខភាព ពិភពលោក និងភាគីពាក់ព័ន្ធផ្សេងៗ បានទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ COVID-19 ប្រកបដោយប្រសិទ្ធភាពខ្ពស់ គ្មានការឆ្លងរីករាលដាលនៅក្នុងសហគមន៍ គ្មានករណីស្លាប់ មានតែករណីវិជ្ជមាននាំចូលតិចតួចដែលបានទទួលការត្រួតពិនិត្យ ព្យាបាលថែទាំ ដោយគ្រូពេទ្យជំនាញកម្ពុជា គ្រូពេទ្យស្ម័គ្រចិត្ត ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធប្រកបដោយភាពហ្មត់ចត់ ក្នុងនោះកម្ពុជា ក៏បានដាក់ចេញនូវវិធាននានា ដើម្បីជួយសង្គ្រោះអាជីវកម្ម បុគ្គលិកបម្រើការងារ ព្រមទាំងប្រជាពលរដ្ឋក្រីក្រ រងផលប៉ះពាល់ដោយជំងឺកូវិដ -១៩ COVID-19 ផងដែរ ក្នុងករណីនេះ ខ្ញុំព្រះករុណា ពិតជាមានសោកស្តាយក្រៃលែងចំពោះ ការខាតបង់នានារបស់ប្រជាពលរដ្ឋទូទាំងពិភពលោក ដែលបង្កឡើងដោយសារការរីករាលដាលនៃជំងឺកូវិដ-១៩ COVID-19 ខ្ញុំព្រះករុណា សូមអរគុណ និងកោតសរសើរដល់ប្រជាពលរដ្ឋទាំងអស់ដែលបាន សហការចូលរួមអនុវត្តដោយយកចិត្តទុកដាក់អនុវត្តតាមវិធានការសុវត្ថិភាព និងសុខភាពដែលបានដាក់ចេញដោយក្រសួងសុខាភិបាល។

ឯកឧត្តម​ សុខ​ លូ​ អភិបាលខេត្ត កំពង់ធំ បានមាន​ប្រសាសន៍ នៅ​ខេត្ត​កំពង់​ធំ​មាន​ទីតាំង​ទេសចរណ៍​ជាច្រើន​កន្លែង.ដូច​ជា​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិ​សាស្ត្រ​ និង​រមណីយដ្ឋាន​កែច្នៃ​ ខណៈ​នេះ​អាជ្ញាធរ​ខេត្ត​កំពង់ធំ​កំពុងតែ​យក​ចិត្ត​ទុក​ដាក់​គ្រោង​នឹង​រៀបចំ​បង្កើត​កន្លែង​ទេសចរណ៍​ថ្មីៗ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ មកកំសាន្ត​ បង្កើន​ប្រាក់​ចំណូល​របស់​ប្រជា​ពលរដ្ឋ​ ជា​ពិសេស​ រមណីយដ្ឋាន​ប្រាសាទ​សំបូរព្រៃ​គុក​ ដែល​បាន​ដាក់ចូលជា សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ និងកំពុងតែ ដើរតួនាទីសំខាន់ លើឆាកអន្តរជាតិ ហើយសង្ឃឹមថា និងមានភ្ញៀវ ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​មកកំសាន្តជាច្រើននៅពេលខាងមុខនេះមិនខាន នៅពេលស្ថានភាពជំងឺកូវិដ១៩ COVID-19 ត្រូវ​បាន​បញ្ចប់។

ក្នុង​ឱកាសនេះផង​ដែរ​ ឯកឧត្តម​សុខ​លូ.បាន​អំពាវ​ឲ្យ​កងកម្លាំង​និងមន្ទីរពាក់ព័ន្ឋ រួមទាំង​បងប្អូន​ប្រជា​ពលរដ្ឋ.ទាំងអស់ត្រៀមជួយសង្រ្គោះ​និងជួយអន្តរាគមន៍ ឲ្យបានទាន់ពេលវេលា ដើម្បី​រំដោះ​បងប្អូន​ប្រជា​ពលរដ្ឋ​ដែលប្រឈមនិងទឹកជំនន់ និងជន​ងាយរងគ្រោះ​ នៅពេលដែល​កំណើន​ទឹកជំនន់​ឈានដល់ចំនុចប្រកាសអាសន្ន និង​សូម​អោយ​បងប្អូន​ប្រជា​ពលរដ្ឋ​ទាំងអស់​ ថែរក្សា​សុខភាព​ អនាម័យ​ ហូប​ស្អាត​ ផឹក​ស្អាត​ រស់នៅ​ស្អាត ការពារ​សត្វ​ពាហនៈ​ គោ ក្របី​ជ្រូក​មាន់​ទា​ ឲ្យ​មាន​សុវត្ថិភាព​ចៀសវាង​ខូចខាត​បាត់​បង់​ ក្នុង​កាលៈទេសៈ​មានទឹកជំនន់នេះ៕
ដោយ​ប៊ុន​រដ្ឋា​

 

 

.