ឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ខេត្តកំពង់ធំ និង​ឯកឧត្តម​សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញ ចុះចែកអំណោយ ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៤០០ គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ នៅក្នុងស្រុកស្ទោង

0

ខេត្តកំពង់ធំ បងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់ រស់នៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោងខេត្តកំពង់ធំ ចំនួន ៤០០ គ្រួសារ បានទទួលអំណោយពី ឯកឧត្តម ថោងខុន រដ្ឋ​មន្ត្រី​ក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ធំ អមដោយឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ រួមទាំងមន្ទីរពាក់ព័ន្ធ ចូលរួមផងដែរ នៅរសៀលថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០​។
ឯកឧត្តមសុខលូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា នៅក្នុងខេត្តកំពង់ធំ មានទឹកជំនន់ កំពុង យាយីគ្រប់ស្រុកក្រុង ក៏ប៉ុន្តែ ស្រុកដែលទទួលរងគ្រោះ ដោយសារទឹកជំនន់ធ្ងន់ជាងគេ គឺនៅស្រុកស្ទោង តែស្ថានភាពទឹកជំនន់នេះ ពុំគួរអោយព្រួយបារម្ភណ៍នោះទេ ដោយសារតែទឹកទន្លេសាប នៅទាបជាងទឹកជំនន់ទឹកភ្លៀង ដូច្នេះហើយ ទឹកនឹងហូរបចូលទៅបឹងទន្លេសាប បានលឿន.។
ឯកឧត្តមសុខ លូ បានមានប្រសាសន៍បន្តថា នៅក្នុងខេត្តកំពង់ធំ ទឹកជំនន់ទឹកភ្លៀង លិចលង់ផ្ទះសំបែង ប្រជាពរដ្ឋ តែពុំទាន់ប្រជាពលរដ្ឋណារងគ្រោះថ្នាក់ ដោយសារ​ទឹកជំនន់​នៅ​ឡើយទេ ក្នុងនោះដែរ អាជ្ញាធរស្រុកក្រុង រួមទាំងកម្លាំង បីប្រភេទ និងស្ថាប័នពាក់ព័ន្ធ បានតាមដានស្ថានភាពទឹកជំនន់ យ៉ាងជិតដិតបំផុត ដើម្បី ងាយស្រួល ជួយអន្តរាគមន៍ សង្គ្រោះដល់បងប្អូនប្រជា ពលរដ្ឋ នៅពេលណាដែល មានករណីលិចលង់ផ្ទះសំបែងប្រជា ពលរដ្ឋ។

ចំណែក​បងប្អូនប្រជាពលរដ្ឋ ដែលបានទទួលអំណោយ គឺស្ថិតនៅក្នុងឃុំបន្ទាយស្ទោង ឃុំដំរីស្លាប់ ឃុំមួយចំនួនទៀត នៅក្នុងស្រុកស្ទោង ក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥ គីឡូក្រាម មី ១ កេះ ធ្វើទឹកត្រី ២ យួរ ទឹកសុទ្ធមួយកេស ត្រីខ ១ យួរ រួមទាំងថ្នាំសង្កូវផងដែរ។
ឯកឧត្តមថោងខុន ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល បាន ថ្លែងអំណរគុណដល់អភិបាលខេត្ត​កំពង់ធំ​ និងអាជ្ញាធរស្រុកក្រុង រួមទាំងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ទីរពាក់ព័ន្ធ ដែលបានសហការជួយអន្តរាគមន៍ ជួយដល់បងប្អូនប្រជាពលរដ្ឋ ឲ្យផុតពីការរងគ្រោះដោយសារទឹកជំនន់នេះ ឯកឧត្តមបានពាំនាំ ការប្រាប់ផ្ញើសារសួរសុខទុក ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដែលជានិច្ចជាកាល សម្ដេចទាំងពីរ តែងតែចុះជួយដល់បងប្អូនប្រជាពលរដ្ឋ គ្រប់ទិសទី ទីណាមានទុក្ខ ទីនោះមានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយបងប្អូនប្រជាពរដ្ឋ បានទាន់ពេលវេលា សម្ដេចបានបញ្ជាក់ថា មិនឱ្យបងប្អូនប្រជាពលរដ្ឋណា ស្លាប់ដោយអត់អាហារ ដោយពុំបានដឹងឮពីអាជ្ញាធរនៅឡើយ។
ឯកឧត្តមថោង ខុន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យខិតខំថែរក្សាសុខភាពអនាម័យ ហូបស្អាតផឹកស្អាតរស់នៅស្អាត បញ្ចៀសនូវជំងឺផ្សេងៗ ដែលអាចឆ្លងតាមទឹកជំនាន់បាន ជាពិសេសនោះ បងប្អូនប្រជាពលរដ្ឋ ត្រូវតែរួមគ្នា ចូលរួម គោរពតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីការពារទប់ស្កាត់ ការឆ្លងរីករាលដាល មេរោគកូវីត19.៕ ដោយ ប៊ុន រដ្ឋា