អភិបាលខេត្តព្រះសីហនុ កោតសរសើរក្រុមយុវជនមួយក្រុម ដែលបានផ្តើមគំនិតគៀងគរថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាបតាមរយៈការបង្កើតព្រឹត្តិការណ៍រត់ម៉ារ៉ាតុង

0

ខេត្តព្រះសីហនុ;ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជួបសំណេះសំណាលជាមួយក្រុមអ្នករត់ម៉ារ៉ាតុងដើម្បីស្វែងរកថវិកាពីសប្បុរសជនយកទៅជួយឧបត្ថម្ភមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។

ឯកឧត្តម គួច ចំរើន បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមយុវជនទាំងនេះ។ឯកឧត្តម គួច ចំរើន បានចាត់ទុកថាសកម្មភាពនេះពិតជាមានសារៈសំខាន់ក្នុងការរួមចំណែកជួយដល់កុមារកម្ពុជា និងជួយដល់សង្គមជាតិ។ តាមរយៈព្រឹត្តិការណ៍នេះសង្ឃឹមថាសប្បុរសជននានានឹងចូលរួមគាំទ្របេសកកម្មមនុស្សធម៌មួយនេះ។

រដ្ឋបាលខេត្តព្រះសីហនុ បានចូលរួមបរិច្ចាគថវិកា១០លានរៀល។ជាមួយគ្នានេះសប្បុរសជនក្នុងខេត្តមួយចំនួន ក៏បានចូលរួមគាំទ្រជាថវិកាដល់ក្រុមយុវជនរត់ម៉ារ៉ាតុងដើម្បីរួមចំណែកក្នុងសកម្មភាពសប្បុរសធម៌នេះដែរ។

លោក អ៊ួន បឋម ប្រធានក្រុមយុវជនរត់ម៉ារ៉ាតុងបានឱ្យដឹងថា ការរត់ដើម្បីសប្បុរសធម៌នេះត្រូវឆ្លងកាត់ ២១ខេត្ត-ក្រុង ទូទាំងប្រទេស ដែលមានប្រវែងផ្លូវ ២,៤០០គីឡូម៉ែត្រ ក្នុង រយៈពេល ៩៩ថ្ងៃ ដោយចាប់ផ្តើមចេញដំណើរពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកំពង់ស្ពឺ តាកែវ កំពត ខេត្តព្រះសីហនុ និងបន្តទៅកាន់ខេត្តគោលដៅផ្សេងទៀត។

គោលបំណងសំខាន់នៃការរត់ម៉ារ៉ាតុងនេះ៖១. រ៉ៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ។
២.ប្រើប្រាស់ផ្លូវ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយចូលរួមគោរពច្បាប់ចរាចរណ៍។៣.ផ្សព្វផ្សាយអោយប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថាន និងទុកដាក់សំរាមដោយខ្លួនឯង។៤.ឱ្យយុវជនចូលរួមក្នុងការងារសង្គមទាំងអស់គ្នា ។
៥.ចង់អោយយុវជនយល់ថាសង្គមនេះជារបស់យើងទាំងអស់គ្នា និងត្រូវរួមគ្នាថែរក្សា និងការពារ។