ថ្នាក់ដឹកនាំ​​ខេត្តកំពង់ចាម​ បាន​ស្នើ​ឲ្យ​​ក្រុម​ជំនាញ​ទាំង​៦​ នៃ​គណៈកម្មាធិការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ រួបរួម​គ្នា​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន​

0

កំពង់ចាម​:​​ លោកជំទាវ​ ប៉ាង​ ដានី​ អភិបាល​រង​ខេត្ត​ តំណាង​ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ បាន​សំណូមពរ​ដល់​ក្រុម​ការងារ​ជំនាញ​​ទាំង​៦​ ឲ្យ​មានការ​រួបរួម​គ្នា​ និង​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន​ ​ក្នុង​ការ​គោរព​នូវ​​ផែនការ​ ព្រមទាំង​​គោរពតាម​​តួនាទី​របស់​ខ្លួន​​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​​អំពើ​ជួញដូរ​មនុស្ស​ ខណៈ​ដែល​មេខ្យល់​ត្រូវ​បាន​ចាប់ខ្លួន​ជាបន្តបន្ទាប់​ ព្រម​ជាមួយ​ការ​​រំដោះ​​ជនរងគ្រោះ​បាន​ជាច្រើន​រូប​ផង​ដែរ​។ ការ​ស្នើ​ឡើង​យ៉ាង​ដូច្នេះ​ក្នុង​កិច្ច​ប្រជុំ​ត្រួតពិនិត្យ​ការ​រៀបចំ​ផែនការ​សកម្មភាព​របស់​​គណៈកម្មាធិការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស(គ​ ខ​ ប​ ជ​)​ នាព្រឹក​ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០២០​ នៅ​សាលា​ខេត្ត​កំពង់ចាម​ ។

ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ​ លោកជំទាវ​ ប៉ាង​ ដានី​ អភិបាល​រង​ខេត្ត​ បាន​វាយ​តម្លៃ​ខ្ពស់​ និង​កោតសរសើរ​ ចំពោះស្មារតីទទួលខុសត្រូវ និងការខិតខំបំពេញការងារ ជូនរដ្ឋបាលខេត្ត​ ពីសំណាក់ក្រុមការងារទាំង៦ និងលេខាធិការដ្ឋាន ជាពិសេស ការងារប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស និងទប់ស្កាត់ការធ្វើចំណាកស្រុក​ មិនស្របច្បាប់ រហូតឈានទៅដល់ការ ចាប់ខ្លួនមេខ្យល់ និងជួយសង្គ្រោះជនរងគ្រោះបានជាបន្តបន្ទាប់​ ក្នុងពេលអនុវត្តការងារ​កន្លងមក​ ។
លោកជំទាវ​ បាន​បន្តថា​ ក្នុង​កំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ១៩ ដែលធ្វើឲ្យប៉ះពាល់ដល់ការងារ និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ​ ហេីយគាត់បានត្រលប់មកពីការធ្វើចំណាកស្រុកវិញជាបន្តបន្ទាប់ ចាប់ពីដើមឆ្នាំ២០២០រហូតដល់បច្ចុប្បន្ន អ្នកចំណូលស្រុកកើនដល់៤,៦២៥នាក់ ទន្ទឹមនេះដែរក្រុមការងារយើងក៏បាន ខិតខំបន្តកិច្ចសហការជាមួយ អ្នកពាក់ព័ន្ធ ក៏ដូចជាអង្គការដៃគូនានា ដើម្បីបន្តជួយដោះស្រាយជូនប្រជាពលរដ្ឋ ដែលជួបការលំបាកក្នុងកំឡុងពេលកូវីដ១៩ នេះផងដែរ ។
ជាមួយគ្នា​នោះ​ លោកជំទាវ ប៉ាង ដានី​ ក៏បាន​សំណូមពរ​ឲ្យបណ្តា អង្គការពាក់ព័ន្ធនានាផ្សេងទៀត មេត្តាចូលរួមសហការ និងគាំទ្រដល់ក្រុមការងារយើងជាបន្តទៀត​ ដើម្បីទប់ស្កាត់ ការចំណាកស្រុកមិនស្របច្បាប់​ និងប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស​ ជាពិសេសគាំទ្រដល់សកម្មភាពដែលក្រុម ការងារទាំង៦​ និងលើកឡើងជាផែនការសកម្មភាពរបស់ខ្លួនក្នុងកិច្ចប្រជុំនេះ។ ព្រមទាំងសូមឲ្យប្រធាន​ និងសមាជិកនៃក្រុមការងារទាំង៦​ ត្រូវខិតខំលើកសកម្មភាពឆ្លើយតប​ ឲ្យបានច្បាស់លាស់ និងអនុវត្តន៏បាន​ ដើម្បីសម្រេចបានលទ្ធផលកាន់តែល្អប្រសើរក្នុងឆ្នាំ២០២១ខាងមុខនេះ​ផងដែរ​ ៕