ប្រជាពលរដ្ឋ២៤៧ គ្រួសាររងគ្រោះដោយសារទឹកជំនន់ ស្រុកប្រាសាទបល្ល័ង្ក បានទទួល អំណោយ ពីឯកឧត្តមសុខលូ អភិបាលខេត្តកំពង់ធំនិងលោក ឃឹងនុភាព តំណាងរាស្ត្រខេត្តកំពង់ធំ

0

 ខេត្តកំពង់ធំ ពិធីចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ២៤៧ គ្រួសារ ដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់ ស្ថិតក្រោមអធិបតីភាព ឯកឧត្តមសុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងឯកឧត្តម  ឃឹង នុភាព តំណាងរាស្ត្រខេត្តកំពង់ធំ និងមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត អភិបាលស្រុក ក្រុមប្រឹក្សាខេត្ត និងមន្ទីរពាក់ព័ន្ធ រួមទាំងកងកម្លាំងទាំងបីប្រភេទ ក្នុងនោះមានកម្លាំង តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំនួន៨៣ នាក់សម្រាប់ដឹកជញ្ជូនឆ្លងកាត់ទឹកដើម្បីយកទៅចែកជូនប្រជាពលរដ្ឋនៅភូមិ ត្រពាំងព្រីង ឃុំសាគ្រាម ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ ។

សូមបញ្ជាក់ផងដែរថា ភូមិត្រពាំងព្រីង ស្ថិតនៅដាច់ស្រយាល ការធ្វើដំណើរប្រកបដោយសែនលំបាក ដោយសារទឹកជំនន់កាត់ផ្លូវថ្នាល់ ស្ពាន ចាំបាច់ត្រូវលីអំណោយឆ្លងកាត់ទឹកហូរខ្មួលខ្មាញ់ជាច្រើនកន្លែង ដើម្បី នាំ យក អំណោយ ទៅ ចែក ជូន ប្រជា ពលរដ្ឋ ដែល កំពុង តែ រងគ្រោះ ដោយសារ ទឹកជំនន់ និងកំពុងរងចាំអំណោយពីថ្នាក់ដឹកនាំខេត្តកំពង់ធំ។

ក៏ប៉ុន្តែបើទោះបីទឹកហូរកាត់ផ្តាច់ស្ពានថ្នាល់ ក៏មិនអាចរារាំងសកម្មភាពមនុស្សធម៌នេះបានឡើយ ដោយសារ ការដឹកនាំ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានប្រើប្រាស់ គោយន្ត កាណូត និងកម្លាំងថ្មើរជើង រួមចិត្ត រួមកម្លាំងពីបងប្អូនប្រជា ពលរដ្ឋ និងកងកម្លាំងជញ្ជូនអំណោយមនុស្សធម៌ទៅដល់គោលដៅប្រកបដោយជោគជ័យ។

ក្នងនោះឯកឧត្តមអភិបាលខេត្ត ក៏បានកោតសរសើរនូវកម្លាំងសមត្ថកិច្ចទាំងបីប្រភេទរួមទាំងប្រជាពលរដ្ឋ ជាពិសេសកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលស្វាហាប់ប្រឹងប្រែងអស់ពីកម្លាំងចិត្តកម្លាំងកាយ ជួយជញ្ជូនសម្ភារៈនិងស្បៀងអាហារ ចម្លងទឹកស្ទឹង ទៅដល់គោលដៅ ចែកអំណោយដោយសុវត្ថិភាព។

ឯកឧត្តមសុខលូ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យថែរក្សាសុខភាពអនាម័យ គេងក្នុងមុង ហូបស្អាតផឹកស្អាត រស់នៅមានការប្រយ័ត្នប្រយែង ជៀសវាងកើតជំងឺរាគរូស កើតអាចឆ្លងមកតាមទឹកជំនន់ និងការពារពីសុវត្ថិភាព ពីពួកសត្វសេរពិស ជាពិសេសការពារអាយុជីវិតក្មេងៗនិងមនុស្សចាស់ ជៀសវាងមានគ្រោះថ្នាក់ ដោយសារទឹកជំនន់។

ឯកឧត្តមអភិបាលខេត្ត បានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខ បងប្អូនប្រជាពរដ្ឋ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាល ដែលបានគិតគូរចំពោះសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ ខណៈ ពេលដែល ទទួលរងគ្រោះ ដោយសារទឹកជំនន់ រួមទាំងបានចាត់ក្រុមការងារថ្នាក់ខេត្ត ក្រសួង និងស្ថាប័នពាក់ព័ន្ធ រួមទាំងសាខាកាកបាទក្រហម ចុះជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលានៅតាមមូលដ្ឋាន ដោយមិនទុកឱ្យបងប្អូនប្រជាពរដ្ឋ ណារងគ្រោះអត់អាហារដោយមិនបានដឹងឮពីអាជ្ញាធរនោះឡើយ៕ ដោយ ប៊ុន រដ្ឋា