អភិបាលខេត្តកំពង់ចាម​ ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹក​ភ្លៀង​ ក្នុង​សង្កាត់​បឹងកុក​ ក្រុង​កំពង់ចាម​ ដេីម្បី​ដោះស្រាយ​បញ្ហា​ចំពោះមុខ​

0

កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត​កំពង់ចាម​ អមដំណើរ​ដោយ​មន្ត្រី​ពាក់ព័ន្ធ​ និង​អជ្ញាធរ​មូលដ្ឋាន​ នារសៀល​ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០២០​នេះ​ បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ពន្ធ័​មួយ​ចំនួន​ និង​លំនៅឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​ នៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម​ ។

ក្នុង​ដំណើរ​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹក​ភ្លៀង​នេះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត​ បាន​ធ្វេី​ការ​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ រួមនឹង​អាជ្ញាធរ​មូលដ្ឋាន​ ធ្វើ​យ៉ាងណា​ត្រូវ​ប្រឹងប្រែង​ឲ្យ​អស់​លទ្ធភាព​ ក្នុង​ការ​​រក​វិធីសាស្ត្រ​ ដេីម្បី​​ដោះស្រាយ​បញ្ហា​ចំពោះមុខ​ ​​ជូន​ប្រជាពលរដ្ឋ​ជាបន្ទាន់​​​ ដោយ​ត្រូវ​​ប្រេីប្រាស់​គ្រឿងចក្រ​​ជីក​កកាយ​ ​ជា​ចង្អូរ​បង្ហូរ​ទឹក​នោះ​ចេញ​ ដេីម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ ក៏ដូចជា​ការ​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ និង​ជៀសវាង​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ហេដ្ឋារចនាសម្ពន្ធ័​ ផងដែរ​ ។

បេីតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានបង្ហាញថា ខេត្តកំពង់ចាម បានទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅតាមបណ្ដាក្រុង ស្រុក បង្ក​ឲ្យ​មាន​ការខូខាតនូវហេដ្ឋារចនាសម្ព័ន្ធ មួយចំនួន ដែលក្នុងនោះមាន ៖ ប៉ះពាល់ដំណាំស្រូវវស្សាចំនួន ៧៨៣ហ.ត (ក្នុងស្រុកជើងព្រៃ និងស្រុកស្ទឹងត្រង់) ។ លិចផ្លូវកៅស៊ូប្រវែង ៧.៧០០ម៉ែត្រ និងខូចស្រទាប់គ្រឹះ ដាច់ចិញ្ចើមផ្លូវប្រវែង ៦.០០០ម៉ែត្រ ខូចផ្លូវក្រួសក្រហមប្រវែង ២.១០០ម៉ែត្រ ស្រុតប្រេះតួផ្លូវកៅស៊ូប្រវែង ៥៥ម៉ែត្រ បាក់លូរំដោះទឹកបណ្ដោយ ៧ម៉ែត្រ ។ ក្រៅពីនោះ ជំនន់ទឹកភ្លៀង ក៏បានបង្កឲ្យលិចសាលារៀនចំនួន ១៨កន្លែង (ប៉ុន្តែ សាលាបានបើកឲ្យដំណើរការសិក្សាវិញហើយ ដោយសារទឹកជំនន់ លិចរយៈពេលខ្លី) និងបាក់របងសាលាបឋមសិក្សា និងអនុវិទ្យាល័យ ប្រវែង ៣០ម៉ែត្រ (នៅឃុំដងក្ដារ ស្រុកស្ទឹងត្រង់) ។ ទន្ទឹមនឹងផលប៉ះពាល់ នេះដែរ អាជ្ញាធរ និងស្ថាប័នជំនាញ ក៏បានចុះជួយអន្តរាគមន៍ និងដោះស្រាយតាមលទ្ធភាពបានមួយចំណែក ផងដែរ ៕