ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំ មន្ត្រី ពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងឃុំអំពិ ស្រុកកំពង់សៀម និងសង្កាត់បឹងកុក ក្រុងកំពង់ចាម។

0

កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នារសៀល ថ្ងៃ ទី ២២ ខែតុលា ឆ្នាំ ២០២០នេះ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅផ្លូវជាតិលេខ៧ ស្ថិត ក្នុង ភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ដែលកំពុងទទួលរងការហូរច្រោះ និងជន់លិច ប្រវែង៥០០ម៉ែត្រ។

ក្នុងឱកាសនៃការចុះពិនិត្យឯកឧត្ដមអភិបាលខេត្តក៏ បាន ណែនាំ ដល់ មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាកថ្នាក់ ឲ្យ ពន្លឿន ក្នុង ការ រកវិធីសាស្ត្រ ធ្វើ ការ ស្តារប្រព័ន្ធលូរំដោះទឹកឡើងវិញ ដើម្បីបង្ហូរទឹកឲ្យអស់ កុំឲ្យមានការជន់លិចដល់លំនៅដ្ឋានប្រជាពលរដ្ឋ និងសម្រួលចរាចរណ៍ដែលកកស្ទះនៅលើកំណាត់ផ្លូវជាតិលេខ៧។ ជាមួយគ្នានេះឯកឧត្តម ក៏បានណែនាំបន្ថែមដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សៀម រៀបចំកងកម្លាំង ដើម្បីសម្រួលចរាចរណ៍នៅលើដងផ្លូវជាតិលេខ៧ បញ្ជៀសការកកស្ទះនៅតំបន់លិចទឹកនោះ ផងដែរ ។

បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត បន្តចុះត្រួតពិនិត្យសកម្មភាពរបស់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដែលអនុវត្តនូវវិធានការ កាយបើកផ្លូវទឹក ដើម្បីរំដោះទឹកមិនឲ្យជន់លិចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងផ្លូវគមនាគមន៍ នៅភូមិសាស្ត្រសង្កាត់ បឹងកុក ក្រុងកំពង់ចាម។

គួរបញ្ជាក់ថា៖ បន្ទាប់ពីចុះពិនិត្យកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅរាត្រីថ្ងៃដដែល ឯកឧត្តមអភិបាលខេត្ត បានចាត់វិធានការឲ្យមន្ត្រីជំនាញនាំយកគ្រឿងចក្រ ចុះកាយបើកមុខទឹក ដើម្បីរំដោះទឹកចេញពីលើដងផ្លូវដែលកំពុងជន់លិចនៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ផងដែរ ៕