កងកម្លាំងអន្តរាគមន៍សឹករងកំពង់ធំ ប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅឃុំសាគ្រាម 

0

ខេត្តកំពង់ធំ៖ កងកម្លាំងអន្តរាគមន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំនួន១០០នាក់ ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៤ភូមិ ក្នុងឃុំសាគ្រាម ស្រុកប្រាសាទបាល័្លង្ក ខេត្តកំពង់ធំ ក្រោមការបញ្ជារបស់ឧត្តម ឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និងការណែនាំរបស់ ឯកឧត្តម សុខ លូ អភិបាលខេត្ត ប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ

ឧត្ដមសេនីយ៍ ទោ សោម  ស៊ុន  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចាត់តាំងកម្លាំងអន្តរាគមន៍ ចុះជួយបងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់ រយះពេល២ថ្ងៃ គឺថ្ងៃទី២១.​២២​ចំនួន​១០០នាក់ ដើម្បីលីសែងជញ្ជូនស្បៀងអាហារ និងសម្ភារៈផ្សេងៗជួយសង្គ្រោះ ដោះស្រាយការលំបាករបស់ប្រជាជន ដែលកំពុងរងគ្រោះ ដោយទឹកជំនន់ទឹកភ្លៀង ក្នុងនោះមានភូមិត្រពាំងព្រីង ភូមិព្រិច ភូមិគេន្ទាក ភូមិស្រែវាល ឃុំសាគ្រាម ស្រុកប្រាសាទ បល្ល័ង្ក ខេត្តកំពង់ធំ   ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរ ក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងអន្តរាគមន៍ នូវ សកម្មភាពស្មារតី ទទួលខុសត្រូវក្នុងភារកិច្ចជាកងទ័ព ដែលជាកូនចៅ របស់ប្រជាជន និងដើម្បីបម្រើប្រជាជន ដែលជួបការលំបាក ខ្វះខាតនៅគ្រប់ទីកន្លែងគ្រប់ពេលវេលា  ។ 

ឯកឧត្តមមេបញ្ជាការ បានបន្តដាក់បទបញ្ជា ឲ្យកងកម្លាំងទាំងអស់ ត្រូវបន្តត្រៀមកម្លាំងជានិច្ច ដើម្បីជួយអន្តរាគមន៍ ជួយដល់ប្រជាពលរដ្ឋបន្តទៀត ដោយអនុវត្តនូវពាក្យស្លោកថា ទីណាប្រជាជនមានទុក្ខលំបាក ទីនោះមានមុខកងទ័ព ជួយដោះស្រាយ និងបម្រើប្រជាជនដោយឥតល័ក្ខណ្ឌ និងបានជួយឧបត្ថម្ភស្បៀងអាហារ ភេសជ្ជៈជូនបងប្អូនពិសារ ផងដែរ ក្នុងនោះកងកម្លាំងអន្តរាគមន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទាំងអស់បានប្តេជ្ញាចិត្ត យ៉ាងម៉ឺងម៉ាត់  អនុវត្តតួរនាទីភារកិច្ច និងបទបញ្ជារបស់មេបញ្ជាការ គ្រប់ថ្នាក់ និងឋានៈនុក្រម នៃកងយោធពលខេមរភូមិន្ទ   ។ដោយ ប៊ុន រដ្ឋា