ប្រជាពលរដ្ឋទីទ័លក្រ៣៥គ្រួសារដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់រស់នៅក្នុងឃុំខ្វាវទទួលបានអំណោយពីសប្បុរសជន 

0

សៀមរាប: អាជ្ញាធរឃុំខ្វាវ និងសប្បុរសជន បានចូលរួមរំលែកទុក្ខសោកជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជ រដ្ឋាភិបាល ដើម្បីជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់ និងជួបផលលំបាកខ្វះខាត ស្បៀងអាហារ ខណៈពេលដែលមានទឹកជំនន់ ប្រជាពលរដ្ឋមិនអាចចេញទៅប្រកបមុខរបរទទួលទានបាន ពិធីផ្តល់អំណោយនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២០ស្ថិតនៅសាលាឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀ់មរាប ។

លោក គង់ ផល្លា មេឃុំខ្វាវ និងសមាជិកក្រុមប្រឹក្សាឃុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកគ្រូ អ្នកគ្រូនិងសប្បុរសជនដែលជាម្ចាស់អំណោយ គឺលោកភព រដ្ឋា និងភរិយា លោក ម៉ម ប៊ុនហ៊ាងនិងភរិយា លោកង៉ោ ពង្ស រ៉េសេឌីនិងភរិយា លោកអឿនដាននិងភរិយា លោកឈត ឆននិងភរិយា និងលោកប៉ាល់ រត្តនានិងភរិយា-បុគ្គលិកអំរិតដែលមានឆន្ទះលះបង់ទ្រព្យសម្បត្តិផ្ទាល់ ចូលរួមដោះស្រាយដល់បងប្អូនប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយមានកូនច្រើន កុមារកំព្រា និង ជនពិការដែលជាជនក្រីក្រសរុន៣៥គ្រួសារ ដែលបានមកពី៣ភូមិ គឺភូមិខ្វាវ .ភូមិព្រះធាតុនិង ភូមិស្រោង ដែលរងគ្រោះដោយសារទឹកជំនន់ ក្នុងមួយគ្រួសារទទួលបានអង្ករ៣០គី.ក្រ  ទឹកត្រីមួយយួរ មីមួយកេស  ទឹកសុទ្ធមួយយួរ ប៊ីចេង២កញ្ចប់ ស្កសរមួយគីឡូកន្លះ ការបូបមួយនិងថវិការចំនួន២ម៉ឺនរៀល។

លោកគង់ ផល្លា មេឃុំខ្វាវ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការប្រមោលផលស្រូវ  ព្រោះពេលនេះជាពេលដែលយើងត្រូវតែប្រមោលស្រូវ ទន្ទឹមនឹងនេះលោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះចាស់ជរា  កុមារតូចៗព្រោះរដូវនេះជារដូវរងារ យកចិត្តទុកដាក់ដាំដំណាំ ចិញ្ចឹមមាន់ ទារដើម្បីបន្ថែមលើកំរិតជីវភាពរស់នៅរបស់បងប្អូនបន្ថែមទៀត ជាពិសេសបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ថែរក្សារ សុខភាពអោយបានល្អ ជៀសវាងការឆ្លងរាលដាលនៅជំងឺមេរោគកូវីដ19ដោយ ព្រំ សុខា​