រឿងរ៉ាវទំនាស់ដីធ្លីរវាង ឯកឧត្តម មាស ប៊ុនឡី និងក្រុមហ៊ុនចិន ពេលនេះសំណុំរឿងបានធ្លាក់ដល់ដៃឯកឧត្តម ដួង តារា ហើយ

0

(ខេត្តកំពត)៖ រឿងរ៉ាវវិវាទដីធ្លីរវាង ក្រុមហ៊ុនចិន និង ឯកឧត្តម មាស ប៊ុនឡី ខណៈនេះសំណុំរឿងបានធ្លាក់ដល់ដៃ ឯកឧត្តម ដួង តារា ហើយ។ចំពោះករណីទំនាស់នេះ មហាជនសង្ឃឹមថា ឯកឧត្តម ដួង តារា នឹងជួយរកដំណោះស្រាយដោយយុត្តិធម៌ និងតម្លាភាព ព្រោះមជ្ឈដ្ឋានជាច្រើនបានអះអាងថា ដីដែលកំពុងមានទំនាស់ដែលមានទំហំជាង៣៥៧ហិកតា ស្ថិតក្នុងភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពតនេះ ត្រូវបានលោក មាស ប៊ុនឡី ទិញពីប្រជាពលរដ្ឋចំនួន៤៥គ្រួសារជាយូរឆ្នាំមកហើយ។

ពាក់ព័ន្ធនឹងទំនាស់វិវាទខាងលើ បើតាមការអះអាងពីមន្ត្រីជំនាញបានបញ្ជាក់ដែរថា ចំណុចដីទំនាស់នេះមានទំហំប្រមាណ៣៥៧ហិកតា ជាដីសាធារណៈរបស់រដ្ឋ គឺមិនទាន់មានប្លង់កម្មសិទ្ធិណាមួយនៅឡើយទេ ប៉ុន្តែដីនេះត្រូវបានប្រជាពលរដ្ឋចំនួន៤៥គ្រួសារអាស្រ័យផលនាពេលកន្លងមក។លុះក្រោយមកប្រជាពលរដ្ឋចំនួន៤៥គ្រួសារខាងលើបានលក់បន្តទៅឲ្យទៅ ឈ្មោះ មាស ប៊ុឡី ដើម្បីធ្វើការវិនិយោគ។ប្រភពដដែលបានបន្តថា ចំពោះក្រុមហ៊ុនចិនដែលអះអាងថាមានដីនៅចំណុចនោះហាក់ជាការស្រពិចស្រពិលមួយ ព្រោះក្រុមហ៊ុនចិនគ្មានឯកសារគតិយុត្តិណាមួយមកបង្ហាញឲ្យបានច្បាស់លាស់នោះទេ។

ទោះជាយ៉ាងណាក៏ដោយ បើផ្អែកលើឯកសារជាច្រើនដែល ឯកឧត្តម មាស ប៊ុនឡី យកមកបង្ហាញ មជ្ឈដ្ឋានភាគច្រើនផ្តោតការចាប់អារម្មណ៍ ព្រោះថា លោកមានឯកសារជាច្រើនដែលមានការទទួលស្គាល់ពីអាជ្ញាធរដែនដីនិងជំនាញគ្រប់ជាន់ថ្នាក់ ពិសេសរដ្ឋបាលខេត្តកំពត ដើម្បីផ្តល់អទិភាពដល់លោកធ្វើការវិនិយោគនិងធ្វើការអភិវឌ្ឍន៍នៅលើដីទំហំ៣៥៧ហិកតា។

ទាក់ទិននឹងរឿងរ៉ាវដីធ្លីចំណុចខាងលើនេះដែរ បើយោងតាមលិខិតលេខ១៥៤ ល.ស ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ របស់ ឯកឧត្តមអភិបាលខេត្តកំពត គោរពជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី ដោយបានសំណើរសុំកាត់ដីទំហំ ៣៥៧.០២៦៧ ហិកតា ចេញពីផែនទីគម្របព្រៃឈើបម្រុង ទុកអចិន្ត្រៃយ៍ ឆ្នាំ២០០២ និងសុំធ្វើអនុបយោគលើទំហំដី ៣៤២.០២៦៧ ហិកតា ជាដីឯកជនរបស់រដ្ឋ ដើម្បីធ្វើប្រទានកម្មជូនប្រជាពលរដ្ឋចំនួន៤៥គ្រួសារ និងរក្សាទុកដីទំហំ១៥ ហិកតា ជាដីសាធារណៈរបស់រដ្ឋ ស្ថិតនៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។

សូមបញ្ជាក់ផងដែរថា អំឡុងពេលថ្មីនេះ ឯកឧត្តម ដួង តារា បានបង្ហោះសារ ក្នុងផេកផ្លូវការរបស់លោក ដោយបានសង្កត់ធ្ងន់ថា ករណីអ្នកវិនិយោគចិនយំអត់ចេញ..ក្រុមហ៊ុនចិនមួយនេះបានទទួលការអនុញាត្តឲ្យវិនិយោគតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តកំពត ស្របតាមគោលនយោបាយ ខ្សែក្រវាត់មួយផ្លូវមួយ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន។

តាមការរៀបរាប់ជំហានដំបូង គឺតំណាងក្រុមហ៊ុនបានរៀបចំទិញដីបានជាច្រើនរយហិកតា នៅខេត្តកំពត ដោយបានចំណាយប្រាក់អស់រាប់សិបលានដុល្លារអាមេរិក ប៉ុន្តែក្រោយមកក៏មានមន្ត្រីជាទាហានម្នាក់បានឈូសឆាយយកដីគាត់..។

ជាមួយគ្នានេះ ឯកឧត្តម មាស ប៊ុនឡី សូមច្រានចោលទាំងស្រុងនូវការចោទប្រកាន់នេះ ហើយក៏សូមសំណូមពរដល់ ឯកឧត្តម ដួង តារា មេត្តាជួយពិនិត្យលើឯកសារនានា ហើយដោះស្រាយដោយយុត្តិធម៌ និងតម្លាភាព ព្រោះថា ដីទំហំ ៣៥៧.០២៥៧ ស្ថិតក្នុងភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពតព គឺជាដីដែលលោកបានទិញពីប្រជាពលរដ្ឋចំនួន ៤៥គ្រួសារ ដោយមានឯកសារត្រឹមត្រូវយ៉ាងពិតប្រាកដ។ចំពោះក្រុមហ៊ុនចិនដែលអះអាងថា មានដីស្ថិតក្នុងទីតាំងខាងលើអាចចាត់ទុកជាជនរងគ្រោះម្នាក់ដែរទៅចុះ ព្រោះក្រុមហ៊ុនចិននោះចាញ់បោកជនជាតិខ្មែរ បីទៅបួននាក់ ដែលជាមនុស្សដែលចិនទុកចិត្ត ហើយចិនបានប្រគល់លុយរាប់លានដុល្លារ ដើម្បីឲ្យជួយទិញដីពីប្រជាពលរដ្ឋ ប៉ុន្តែជនខិលខូចប៉ុន្មាននាក់ខាងលើ បានយកលុយទាំងនោះមកចែកគ្នាធ្វើជាអ្នកមានរហូតមកដល់បច្ចុប្បន្ន លុះទឹកដល់ច្រមុះក៏នាំគ្នាទៅចង្អុលដីរបស់លោកដើម្បីយករួចខ្លួនតែម្តង៕