ស្លាប់ម្នាក់ របួសធ្ងន់ស្រាល១០នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្ត

ព្រះវិហារ៖ កាលពីវេលាម៉ោងប្រមាណជាង ២០ យប់ថ្ងៃទី២៥ ខែតុលាឆ្នាំ ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត និងរថយន្ត ក្នុងទិសដៅបញ្ច្រាសគ្នា ត្រង់ចំណុចបង្គោលគីឡូលេខ ១៨ ក្នុងភូមិសាស្រ្ត ភូមិតេជោស្ទឹងខៀវ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ដែលបង្កឡើងដោយរថយន្តម៉ាក lexus RX ៣៣០ ពណ៌ស្ករ ពាក់ស្លាកលេខ ព្រះវិហារ 2A ២២.២៦ ក្នុងទិសដៅពីលិចទៅកើត បើកបរ«ក្នុងស្ថានភាពស្រវឹងជោក» មានឈ្មោះ ឆេង វី ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរលក់ស៊ុបហាង១៦៨ ភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ចំណែករថយន្តរងគ្រោះម៉ាក Mitsubishi triton ពណ៌ស ជារថយន្តរបស់វត្តជ័យរុក្ខារាម(ហៅថ្លាត) ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ក្នុងទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ ប្រាក់ ឆាន់ ភេទប្រុស អាយុ ៦៨ឆ្នាំ ទីលំនៅភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

បណ្ដាលឲ្យស្ត្រីមា្នក់ឈ្មោះ ធី ភេទស្រី នៅភូមិកោះថ្មីឃុំអន្លង់វែង ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ ស្លាប់នៅនិងកន្លែង និងអ្នករួមដំណើរជាមួយ១០នាក់ទៀត រងរបួសធ្ងន់ ស្រាល ក្នុងនោះក៏មានព្រះសង្ឃ១អង្គផងដែរ ។

សូមបញ្ជាក់ផងដែរថា៖ ក្រោយពីទទួលបាននូវព័ត៌មានអំពីគ្រោះថ្នាក់ចរាចរណ៍ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន នាយសេនាធិការកងពលតូចអន្តរាគមន៍លេខ៨ បានដឹកនាំកំលាំងចំនួន៥០នាក់ រថយន្តចំនួន១០គ្រឿង ចេញពីអង្គភាពទៅចូលរួមជួយសង្រ្គោះ ជាមួយកម្លាំងសមត្ថកិច្ចនគរបាល ដោយធ្វើការដឹក និងបញ្ជូននាក់ជម្ងឺ ដែលរងរបួសធ្ងន់ និងស្រាលទៅកាន់មន្ទីរពេទ្យបានទាន់ពេលវេលា ។ ដោយឡែកអ្នកស្លាប់បានបញ្ជូនឲ្យទៅឈ្មោះ ដុំ ឈុននី ក្រុមព្រឹក្សាស្រុកអន្លងវែង និងមន្ត្រីនគរបាលស្រុកអន្លងវែង ធ្វើការដឹកបញ្ជូនបន្តទៅឲ្យក្រុមគ្រួសាសព ធ្វើបុណ្យទៅតាមប្រពៃណី ។

ចំពោះជនបង្ក រួមនឹងវត្ថុតាង (រថយន្ត)សមត្ថកិច្ចនគរបាលជំនាញ បានដឹកនាំយកទៅរក្សាទុក រង់ចាំការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕