វត្តដាច់ស្រយាលមួយដែលសាងសង់ឡើង នៅលើកំពូលភ្នំដងរែក ហើយក៏កំពុងមានការខូចខាត ទទួលបានបច្ច័យជិត៦ពាន់ដុល្លាសហរដ្ឋអាមេរិច ពីអង្គកឋិនទានមហាសាមគ្គី សម្រាប់ទុកកសាងនូវរាល់សមិទ្ធិផលនានា

0

ព្រះវិហារ៖ អង្គកឋិនទានមហាសាមគ្គីមួយ ដែលផ្តួចផ្តើមឡើងដោយ ឯកឧត្តម លៀង ឡេង និងលោកជំទាវ និងឯកឧត្ដម ច័ន្ទ សុភ្ត្រា និងលោកជំទាវ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៅក្នុងអង្គភាពទីបញ្ជាការយោធភូមិភាគទី៤ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ និងនៅក្នុងអង្គភាពទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ រួមនឹងឯកឧត្តម លោកជំទាវ លោកឧកញ៉ាបណ្ឌិត អុឹង ឃាង លោក លោកស្រី សិស្សានុសិស្ស ប្រជាពលរដ្ឋជិតឆ្ងាយ ប្រមូលបច្ច័យបានជិត ៦ពាន់ដុល្លាសហរដ្ឋអាមេរិច ដង្ហែរចូលវត្ត«គីរីទឹកធ្លាក់តេជោបុស្សស្បូវ» ដើម្បីប្រគេនជូនព្រះគ្រូចៅអធិការវត្ត និងគណៈកម្មាការអាចារ្យវត្ត សម្រាប់ដំកល់ទុកកសាងនៅសេនាសនៈទាន រួមនឹងសមិទ្ធិផលនានាក្នុងវត្ត។

បុណ្យកឋិនទានសាមគ្គីនេះ បានធ្វើឡើងនៅក្នុងគេហដ្ឋានរបស់ឯកឧត្តម លៀង ឡេង និងលោកជំទាវ ម៉េង សុខជា កាលពីព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ឯកឧត្តម លៀង ឡេង បានលើកឡើងថា «តាមរយៈនយោបាយឈ្នះឈ្នះ ដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទើបធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាពពេញលេញ សេដ្ឋកិច្ចជាតិមានការរីកចម្រើនលើគ្រប់វិស័យ រួមទាំងវិស័យព្រះពុទ្ធសាសនាផងដែរ ។

ឯកឧត្តម លៀង ឡេង មេបញ្ជាការរង យោធភូមិភាគទី៤ លើកឡើងបន្តថា «មានសន្តិភាពទេីបមានការអភិវឌ្ឍន៍ មានសន្តិភាព ទើបយើងទាំងអស់គ្នាមានជីវិតរស់រានរហូតមកដល់សព្វថ្ងៃនេះ»។ ឯកឧត្តមបានបញ្ជាក់ថា ដោយសារតែប្រទេសជាតិមានសុខសន្តិភាព ទើបធ្វើឲ្យយើងមានឱកាសជួបជុំគ្នាធ្វើបុណ្យទាន បានគ្រប់ទីកន្លែងពេញនៅទូរទាំងផ្ទៃប្រទេស។ ដូច្នេះយើងទាំងអស់គ្នា ត្រូវចូលរួមថែរក្សាសន្តិភាព ដែលយើងរកបានមកដោយលំបាកនេះ ឲ្យបានគង់វង្សជារៀងរហូត។

បន្ថែមពីនេះ ឯកឧត្តម ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ បន្តគោរពប្រតិបត្តិ ថែរក្សា និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក ឲ្យស្ថិតនៅគង់វង្ស និងមានការវិវឌ្ឍរីកចម្រើនជាងនេះថែមទៀត។

សូមបញ្ជាក់ថា៖ វត្តគីរីទឹកធ្លាក់តេជោបុស្សស្បូវ បានសាងសង់ឡើងនៅលើកំពូលភ្នំដងរែក មានចំប្រមាណជាង៧គីឡូម៉ែត្រ ជាប់ព្រំដែនកម្ពុជា-ថៃ វត្តនេះសាងសង់ឡើងនៅចុងឆ្នាំ២០១៧ មានផ្ទៃដី២០០ម៉ែត្រ×៥០០ម៉ែត្រ បច្ចុប្បន្នមានព្រះសង្ឃចំនួន៧អង្គ នៅគង់ចាំព្រះវស្សា ស្ថិតនៅក្នុងភូមិតេជោបុស្សស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕សួនលីណា