ឯកឧត្តម សោម ស៊ុន អញ្ជើញចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពអតីតប្រធានសាខាបក្សភូមិ

0

ខេត្តកំពង់ធំ៖ឯកឧត្តម សោម ស៊ុន សមាជិកអចិន្រ្តៃគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ អនុប្រធានគណបក្សខេត្តចុះជួយស្រុកស្ទោង និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយឃុំបន្ទាយស្ទោង រួមទាំងក្រុមការងារ បានអញ្ជើញ ចុះសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខជាមួយនិងគ្រួសារសព លោកព្រឹទ្ធាចារ្យ សាន់ យ៉ន អតីតប្រធានសាខាបក្ស ភូមិពោធិ ឃុំបន្ទាយស្ទោង ខេត្តកំពង់ធំ ។

ឯកឧត្តម សោម ស៊ុន បានមានប្រសាសន៍ យ៉ាងក្តុកក្តួលរំជួលចិត្ត ចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់នៃគ្រួសារសព មិនតែប៉ុណ្ណោះថ្នាក់ដឹកនាំមន្រ្តីរាជការអាជ្ញាធរ ប្រជាពលរដ្ឋ រួមទាំងអ្នកភូមិផងរបងតែមួយ បានសម្តែងនូវការសោកស្តាយ និងអាឡោះអាល័យនៃការចាកចេញទៅដោយគ្មានថ្ងៃត្រឡប់ គឺបែកគ្នារហូតដោយគ្មានថ្ងៃជួប ចំពោះលោកព្រឹទ្ធាចារ្យ សាន់ យ៉ន ដែលធ្លាប់តែមានចិត្តសណ្តោសប្រណៃ ប្រកបដោយព្រហ្មវិហាធម៍ គុណធម៌ ឥលូវបានទទួលមរណៈភាពក្នុងអាយុ៨០ឆ្នាំ ដោយរោគាពាធ នៅវេលាម៉ោង១២.៣៣នាទីយប់ ឈានចូលថ្ងៃទី២៨ខែតុលា ឆ្នាំ២០២០ ។

ឯកឧត្តម សោម ស៊ុន បានចូលរួមរំលែកទុក្ខដ៍ក្រៀមក្រំ ជាមួយក្រុមគ្រួសារសព លោកព្រឹទ្ធាចារ្យ សាន់ យ៉ន និងបាននាំយកអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ចូលរួមក្នុងកម្មវិធីបុណ្យសព មានអង្ករចំនួន៥០ គ.ក មីយើងចំនួន ពីរកេស ទឹកបរិសុទ្ធពីរកេស និងបច្ច័យមួយចំនួនផងដែរ ក្នុងនោះឯកឧត្តម បានផ្តាំផ្ញើរដល់ក្រុមគ្រសារសព ឲ្យខិតខំបន្ត ថែរក្សា​សេចក្តីស្រឡាញ់ដោយស្មោះស្ម័គ្រ ចំពោះគណបក្សប្រជាជនកម្ពុជា ឲ្យសមបំណងរបស់លោកតាព្រឹទ្ធាចារ្យ សាន់ យ៉ន ផងដែលក្នុងមួយជីវិតនេះ លោកតាបានសម្រេចចិត្តដ៏ត្រឹមត្រូវ ចូលរួមរក្សាសន្តិភាពជាមួយសម្តេចតេជោរហូតមក ដល់ពេលនេះ ។

ឯកឧត្តម ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ រក្សាសុខភាព ហូបចុកឲ្យមានអនាម័យ សំអាតបរិស្ថានជុំវិញលំនៅដ្ឋាន លាងដៃនឹងសាប៊ូ ដើម្បីការពារទប់ស្កាត់ការឆ្លងនូវមេរោគផ្សេងៗ ជាពិសេសមេរោគកូវិដ១៩ ដែលជាមេរោគដ៏សាហាវ កំពុងតែឆ្លងរីករាលដាល មកលើមនុស្សក្នុងពិភពលោកជាង៤៤លាន​នាក់មកហើយ ក្នុងនោះក៏បានធ្វើឲ្យមនុស្សស្លាប់ជាងមួយលាននាក់ផងដែរ រហូតមកពេលនេះពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ ។ដោយ ប៊ុន រដ្ឋា