លោកឧកញ៉ាហេង សំណាង បន្តដឹកនាំក្រុមការងារចុះចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះ ដោយសារទឹកជំនន់ នៅសង្កាត់អាចារ្យលាក់

0

ខេត្តកំពង់ធំ៖ លោកឧញ៉ា ហេង សំណាង ប្រធានសភាពាណិជ្ជកម្ម កំពង់ធំ ព្រះវិហារ បានបន្តសកម្មភាពមនុស្សធម៌ ដឹកនាំក្រុមការងារ នាំយកអំណោយពីសប្បុរជននៃសហការី សភាពាណិជ្ជកម្ម កំពង់ធំព្រះវិហារ មកចែកជូនបងប្អូន ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង នៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃ ទី២៩ ខែតុលា ឆ្នាំ ២០២០។

ពីធីចែកអំណោយជូនដល់ ក្រុមគ្រួសារប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត ក្នុងកាលៈទេសៈមានគ្រោះទឹកជំនន់ ស្ថិតក្រោមអធិបតីភាព លោក ហុក រិន ប្រធានក្រុមប្រឹក្សាក្រុងស្ទឹងសែន និងលោក ឧកញ៉ា ហេង សំណាង ប្រធានសភាពាណិជ្ជកម្ម កំពង់ធំ ព្រះវិហារ រួមទាំងអាជ្ញាធរដែនដី និងសប្បុរជនដែលបានចំណាយទ្រព្យធនរបស់ខ្លួនផ្ទាល់ ចូលរួមក្នុងការងារមនុស្សធម៌ ដើម្បីជួយរំលែកភារៈរបស់រាជរដ្ឋាភិបាល ។

លោក ហុក រិន បានមានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះមហន្តរាយដោយគ្រោះធម្មជាតិ និងបង្ករឲ្យមានទឹកភ្លៀងជន់លិចផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋ បងប្អូនអាចសង្កេតឃើញច្បាស់ហើយ គឺពុំមានអ្នកណាឡើយក្រៅពីក្រុមការងាររបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានលះបង់ពេញមួយជីវិតដើម្បីបំរើដល់បងប្អូនប្រជាពលរដ្ឋ ដោយមិនសម្ងំសុខតែម្នាក់ឯង ដូចក្រុមអគតិមួយចំនួន ចាំតែថា ចាំតែបង្ខូចមូលបង្កាចគ្មានការពិតនោះឡើយ តែសម្តេចតេជោ ហ៊ុន សែន បានចុះទៅជួប និងដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋដល់ទីកន្លែង ទីណាសម្តេចលោកមិនបានទៅផ្ទាល់ ក៏បានចាត់តាំងក្រុមការងារ អាជ្ញាធរស្រុកក្រុង ចុះទៅជួយបានទាន់ពេលវេលា ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ អស់សង្ឃឹមដោយមិនបានយកចិត្តទុកដាក់ពីអាជ្ញាធរនោះឡើយ។

លោកឧញ៉ា ហេង សំណាង ប្រធានសភាពាណិជ្ជកម្ម បានមានប្រសាសន៍ថា បន្ទាប់ពីប្រទេសជាតិមានសុខសន្តិភាព ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេសរួមរស់ជាមួយគ្នា ក្រោមឆ័ត្រម្លប់សន្តិភាពទាំងអស់គ្នា ក្រោមការដឹកនាំដ៏ប្រកបដោយគត្តិបណ្ឌិត សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានភាពរីកចម្រើន ក្នុងមានអ្នកវិនិយោគជាតិ និងអន្តរជាតិ មានជំនឿជឿជាក់លើស្ថេរភាពនយោបាយ បានដាក់ទុនវិនិយោគតាមរយះសភាពាណិជ្ជកម្ម ដែលមានតួនាទីដ៏សំខាន់ ក្នុងការគៀងគរ រកអ្នកវិនិយោគទុន ដើម្បីបង្កើនចំណូលសេដ្ឋកិច្ចដល់ជាតិ និងបង្កើនការងារដល់ប្រជាពលរដ្ឋឲ្យមានការធ្វើផងដែរ។

ជាចុងក្រោយលោកឧកញ៉ា ហេង សំណាង បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ឲ្យថែរក្សាសុខភាព អនាម័យ បរិភោគទឹកស្អាត រស់នៅប្រកបដោយបរិស្ថានស្អាត ការពារឲ្យនូវជីវិតក្មេងៗនិងមនុស្សចាស់ កុំឲ្យមានគ្រោះថ្នាក់ជាយថាហេតុ ដោយសារទឹកជំនន់ និងសូមឲ្យបន្តការពារទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវិដ១៩ ដោយត្រូវតែចូលរួមអនុវត្តតាមការ ណែនាំរបស់ក្រសួងសុខាភិបាល ។

ដោយ ប៊ុន រដ្ឋា