គ្រួសារកងទ័ព២០០គ្រួសារដែលរងគ្រោះដោយសារទឹកជំនន់បានទទួលអំណោយស្បៀងអាហារពីឧត្ដមសេនីយ៍ឯកបណ្ឌិតហ៊ុន ម៉ាណែត  

0

 ខេត្តកំពង់ធំ៖ គ្រួសារកងទ័ព នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំនួន២០០គ្រួសារ បានទទួលអំណោយស្បៀងអាហារ ពីឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក តាមរយៈថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីជួយបន្ថយការខ្វះខាតក្នុងពេលមានទឹកជំនន់ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ។

ពីធីប្រគល់អំណោយជូនដល់ក្រុមគ្រួសារកងទ័ព ដែលមានជីវភាពលំបាកខ្វះខាត ស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយទាហាន នាយទាហានរង រួមទាំងគ្រួសារកងទ័ព២០០គ្រួសារផងដែរ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គ.ក  ទឹកបរិសុទ្ធមួយកេស ទឹកស៊ីអ៊ីវមួយយួរ និងថ្នាំពេទ្យមួយកញ្ចប់ និងស៊ីមកាតបញ្ជូលលុយ ដែលមានទឹកប្រាក់២០០ដុល្លារបស់ក្រុមហ៊ុនមិត្តហ្វូនប្រចាំខេត្តកំពង់ធំ ដោយឥតគិតថ្លៃផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មានប្រសាសន៍ ថ្លែងអំណរគុណដល់សប្បុរជន ដែលបានចំណាយទ្រព្យសម្បត្តិរបស់ខ្លួនផ្ទាល់ ចូលរួមក្នុងវិស័យមនុស្សធម៌ ដើម្បីជួយរំលែកទុក្ខដោះស្រាយជាមួយនឹងរាជរដ្ឋាភិបាល ខណៈពេលដែលប្រទេសជាតិកំពុងតែជួប វិបត្តិគ្រោះទឹកជំនន់ សរបញ្ជាក់ឲ្យឃើញថា ពិតជាមានការយកចិត្តទុកដាក់បំផុត របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេសជាតិ ដោយវប្បធម៌រួមសុខរួមទុក្ខ និងវប្បធម៌ចែករំលែក បងប្អូនដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ជូនបងប្អូនក្រុមគ្រួសារកងទ័ពទាំងអស់ថា យើងជាគ្រួសារកទ័ពត្រូវតែជាគំរូ ដ៏ល្អដល់បងប្អូនប្រជាពលរដ្ឋ និងជឿជាក់ស្មោះត្រង់ជាមួយនិងរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសុខសន្តិភាព បន្តទៅមុខទៀតឲ្យបានយូរអង្វែង ដើម្បីឲ្យប្រទេសជាតិឈានទៅរកភាពរីកចម្រើន បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ បន្តការពារទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវិដ១៩ ដោយត្រូវតែចូលរួមអនុវត្តតាមការ ណែនាំរបស់ក្រសួងសុខាភិបាល ។ដោយ ប៊ុន រដ្ឋា