ក្រុមហ៊ុនមិត្តហ្វូនសាខាខេត្តកំពង់ធំចែកអំណោយស្បៀងអាហារជូនប្រជាពលរដ្ឋជាង២០០គ្រួសាររស់នៅស្រុកកំពង់ស្វាយ

0

ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋពីរឃុំ គឺឃុំនីពេជ និងឃុំដំរីស្លាប់សរុបជាង២០០គ្រួសារ រស់នៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់ បានទទួលអំណោយស្បៀងអាហារ ពីក្រុមហ៊ុនមិត្តហ្វូនសាខាខេត្តកំពង់ធំ តាមរយះថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២០។

បន្ទាប់ពីប្រទេសកម្ពុជារងសម្ពាធទាប បង្ករឲ្យមានខ្យល់ព្យុះបកបោករំលំផ្ទះសំបែងប្រជាពលរដ្ឋ ឈានដល់មានទឹកជំនន់ទឹកភ្លៀងលិចលង់ទ្រព្យសម្បត្តិ ដំណាំបន្លែបង្កានានា ថែមទាំងធ្វើប្រជាជនរងគ្រោះដោយសារទឹកជំនន់ជាច្រើនខេត្តក្នុង ប្រទេសកម្ពុជា ក្នុងនោះខេត្តកំពង់ធំ ក៏ទទួលរងឥទ្ធិពលនៃព្យុះនេះផងដែរ ធ្វើស្រុកមួយចំនួនក្នុងខេត្តទទួលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងនេះ បណ្តាលឲ្យកកស្ទះចរន្តសេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋ ដោយសារទឹកលិចលង់ ផ្ទះសំបែង បង្ករឲ្យមានការខ្វះខាតនូវស្បៀងអាហារ ។

ជាក់ស្តែងក្រុមហ៊ុនមិត្តហ្វូនសាខាខេត្តកំពង់ធំ រួមទាំងសហការីបាននាំយក ស្បៀងអាហារមកចែកជូន បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញមកពីរឃុំ ក្នុងនោះមានឃុំនីពេជ ចំនួន១៥៣ គ្រួសារ និងឃុំដំរីស្លាប់ចំនួន៥០គ្រួសារ ស្ថិតនៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្នុងមួយគ្រួសារទទួលបានអង្ករចំនួន២០ គីឡូក្រាម ទឹកសុទ្ធមួយកេស ទឹកត្រីទឹកស៊ីអ៊ីវចំនួនពីរយួរ ត្រីខកំប៉ុងមួយយួរ និងស៊ីមមិត្តហ្វូន ប្រើប្រាស់ដោយឥតគិតថ្លៃរយៈពេលមួយសប្ដាហ៍ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានកោតសរសើរចំពោះអគ្គនាយក្រុមហ៊ុនមិត្តហ្វូន រួមទាំងសហការី ដែលបានចូលរួមក្នុងវិស័យមនុស្សធម៌ ក្នុងវប្បធម៌ចែករំលែក ជួយគ្នាក្នុងគ្រាមានអាសន្ន ជាពិសេសបានចូលរួមដោះស្រាយទុក្ខលំបាកជាមួយរាជរដ្ឋាភិបាល បើទោះបីជាអំណោយមិនច្រើនក្តី តែជាទឹកចិត្តក្នុងការជួយគ្នាក្នុងគ្រាមានទុក្ខលំបាក និងអាចជួយសម្រួលជីវភាពរបស់បងប្អូនប្រជាពលរដ្ឋមួយរយះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បន្តការប្រុងប្រយ័ត្ន ថែរក្សាក្មេងៗនិងមនុស្សចាស់ រួមទាំងសត្វពាហនៈ ផ្សេងៗដើម្បីបញ្ជៀសនូវការបាត់បងខូចខាត និងសូមរក្សាអនាម័យ ហូបទឹកស្អាត រស់នៅប្រកបដោយបរិស្ថានស្អាត ចៀសវាងការឆ្លងជម្ងឺផ្សេងៗដែលអាចមកតាមទឹកជំនន់ និងសូមឲ្យចូលរួមការពារទប់ស្កាត់ការ ឆ្លងមេរោគកូវិដ១៩ ដែលជាមេរោគដ៏សាហាវ វាបានគំរាមគំហែងនិងឆ្លងមកលើប្រជាជនទូទាំងពិភពលោកជាង៤៤លាននាក់មកហើយ រហូតមកដល់ពេលនេះពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ ។

ដោយ ប៊ុន រដ្ឋា