សមត្ថកិច្ចចម្រុះចុះចាប់ឡានឈើ ប៉ះផសយាយកាប៉ាល់ភ្លើង ជេរឆេះរោមផ្អើលអធិការព្រៃឈើខាងជើងបឹងទន្លេសាបទាំងព្រលឹម

0

  ខេត្តកំពង់ធំ៖ ស៊យធំ ចុមចាប់ឈើចាស់ ប៉ះយាយកាកប៉ាល់ភ្លើង ជេរបញ្ចោរសមត្ថកិច្ច ដាក់ទំនាយអ្នកចាប់ឲ្យងាប់មួយកំណាត់ក្រោម ជាការពិតណាស់ ម្ចាស់ឈើត្រូវបានតៃកុងរថយន្តបញ្ជាក់ថា មានឈ្មោះចែក្រឹម បានដឹកឈើផ្ទះចាស់ចេញពីភូមិប្រមេរ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ក៏ត្រូវបានលោកហោ ភាជ នាយរងអធិការរដ្ឋបាលព្រៃឈើខាងជើង​បឹងទន្លេសាប សហការជាមួយកងរាជអាវុធហត្ថស្រុកប្រាសាទបាល្ល័ង្គ ប៉ុស្ត៍រដ្ឋបាល ផ្នែករដ្ឋបាលព្រៃឈើស្ទោង និងសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្វាយ ស្ទាក់ចាប់បាននៅវេលាម៉ោង៣ ទាបភ្លឺឈានចូលថ្ងៃទី២៩ ខែតុលាឆ្នាំ ២០២០ នៅចំនុចភូមិត្រពាំងក្រោល ឃុំសាលាវិស័យ ស្រុកប្រាសាទបាល្ល័ង្គ ខេត្តកំពង់ធំ។

សមត្ថកិច្ចបាន ឲ្យដឹងថា ក្រោយពីឃាត់រថយន្តនេះបាន ម្ចាស់ឈើបានស្បត់ស្បែរដាក់ជីវិត ថាមិនមានឈើថ្មីសូម្បីតែមួយសន្លឹក ថែមទាំងបបួលទៅស្បត់ជាមួយលោកតា ក្រហមក ថែមទៀត ប៉ុន្តែដោយសមត្ថកិច្ចជំនាញ ហិតដឹងក្លិនឈើ ថ្មី ថែមទាំងមិនព្រមស្តាប់តាមការអះអាងរបស់ចែក្រឹម ចែក្រឹមខឹងឡើងសសៃក កើតការជេរប្រទិចសមត្ថកិច្ចថែមទាំង ដាក់ទំនាយអ្នកណាហ៊ានប៉ះឈើគាត់ឲ្យ ងាប់មួយកំណាត់ក្រោម ក្រោយពីកម្មកររុះរើឃើញឈើថ្មី ខុសពីការអះអាង របស់ចែក្រឹម ចែក្រឹមដឹងខ្លួនគេចបាត់មួយរំពេចដោយគ្មានសូម្បីតែស្រមោល ។

បន្ទាប់ពីបានឃាត់រថយន្តដឹកឈើខាងឈើ រថយន្តត្រូវបាននាំយកមករក្សាទុកនៅក្នុងបរិវេណអធិការរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ដើម្បីធ្វើការវាស់វែង ដែលមានការចូលរួមពីសមត្ថកិច្ចពាក់ព័ន្ឋ បានពិនិត្យពីស្ថានភាពឈើដែល មានលក្ខណៈជាឈើផ្ទះចាស់ដាក់នៅខាងលើ ចំណែកឈើថ្មីប្រភេទលេខ២ផ្តៀក ដែលសមត្ថកិច្ចជំនាញបានរកឃើញ នៅផ្នែកខាងក្រោម មានចំនួន៥គីប៨ផ្លាន ដែលម្ចាស់ឈើបានដាក់បន្លំជាមួយឈើចាស់នៅក្នុងរថយន្ត ប្រភេទយីឌុប ទ្រុងពណ៌ត្រួយចេក ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ3D-4541។

តៃកុងឡានយីឌុបបានឲ្យដឹងថា ខ្លួនបានដឹកស៊ីម៉ងមកពីភ្នំពេញ មកដាក់នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ លុះត្រឡប់មកវិញ ចែក្រឹមដែលជាម្ចាស់ឈើបានខលជួលឡាន ឲ្យដឹកឈើផ្ទះចាស់ចំនួន២ផ្ទះ ដោយដឹកចេញពីខេត្តព្រះវិហារ ឆ្ពោះទៅភូមិត្រពាំងព្រៃ ឃុំព្រះអង្គខ្នុល  ស្រុកទ្រាំង ខេត្តតាកែវ ក្នុងតំលៃ២លានរៀល ដើម្បីយកទៅធ្វើផ្ទះរបស់គាត់ ចំណែកការដឹកគឺម្ចាស់ឈើជាអ្នកទទួលខុសត្រូវរឿងរត់ការច្បាប់ចំពោះសមត្ថកិច្ច។

លោក ហោ ភាជ នាយរងអធិការរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប បានឲ្យដឹងថា រថយន្តនិងឈើ និងចំណាត់របស់សមត្ថកិច្ចគឺចាត់វិធានការតាមនិតិវិធីច្បាប់ ដោយផ្តល់រយះពេលមួយខែដើម្បីឲ្យសាម៉ីខ្លួនចូលមកដោះស្រាយ បើមិនមានការចូលមកដោះស្រាយទេ សមត្ថកិច្ចនិងបញ្ជូនសំណុំរឿងទៅតុលាការ ។