អភិបាលខេត្តកំពង់ធំបន្តសកម្មភាពចុះចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់១០១គ្រួសារ

0

ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង ចំនួន១០១គ្រួសារ រស់នៅក្នុងសង្កាត់ស្រយូវ បានទទួលអំណោយពីសប្បុរជន តាមរយះឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២០ ដោយពិធីចែកអំណោយនេះ បានធ្វើឡើងក្នុងបរិវេណវត្តក្តីសែន សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ចំណែកប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត រងគ្រោះដោយសារទឹកជំនន់ទាំង១០១គ្រួសារ បានទទួលអំណោយក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥គ.ក ទឹកសុទ្ធមួយកេស មីមួយកេស ទឹកត្រីទឹកស៊ីអ៊ីវ២យួរ ត្រីខកំប៉ុងមួយយួរ ថ្នាំពេទ្យមួយកញ្ចប់ និងថិវិកា២ម៉ឺនរៀល សម្រាប់ដោះស្រាយមួយរយះ ដែលជាទឹកចិត្តសប្បុរជន ដែលបានចែករំលែកស្បៀងអាហារ ជាជំនួយឧបត្ថម្ភដល់រដ្ឋបាលខេត្ត ដើម្បីឲ្យរដ្ឋបាលខេត្តកំពង់ធំ មានលទ្ធភាពក្នុងការបន្តសកម្មភាពមនុស្សធម៌បាន។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍ថា ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ គឺជាទុក្ខលំបាករបស់ រាជរដ្ឋាភិបាល ក៏ដូចជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ គ្រប់ខេត្តក្រុងរាជធានី សម្តេចបានគិតគូរពីសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាបាលភិបាល បានចុះទៅសួរសុខទុក្ខនិងជួយដោះស្រាយបងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែមានការខ្វះខាតនិងទទួលរងគ្រោះដោយសារទឹកជំនន់ រីឯខេត្តមួយចំនួនសម្តេចបានចាត់តាំង ក្រុមការងារខេត្តក្រុង ឃុំសង្កាត់ឲ្យចុះជួយដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានដល់លំនៅដ្ឋានឲ្យបានទាន់ពេលវេលា ដោយមិនឲ្យបងប្អូនណាម្នាក់ស្លាប់អត់បាយដោយមិនបានដឹងលឺនោះឡើយ។

ឯកឧត្តម សុខ លូ បានមានប្រសាសន៍ ផ្តាំផ្ញើរដល់លោកយាយ លោកតា និងអាណាព្យាបាល ឲ្យណែនាំកូនចៅកុំឲ្យ បៀតបៀននិងគ្រឿងញឿនជាដាច់ខាត និងត្រូវគិតថា បញ្ហាគ្រឿងញៀនជាភារកិច្ចយើងទាំងអស់គ្នា ដែលជាអ្នកចូលរួម ការពារទប់ស្កាត់មិនឲ្យមានគ្រឿងញៀននៅក្នុងផ្ទះ ក្នុងភូមិ និងក្នុងសហគមន៍ តែបើគ្មានការចូលរួមពីសំណាក់បងប្អូន លោកយាយ លោកតា ពុកម៉ែមីងមាទេ គឺយើងពុំអាចទប់ស្កាត់ការចរាចរណ៍គ្រឿងញៀនបានឡើយ គ្រឿងញៀនជា អាវុធសម្លាប់ជាតិ សម្លាប់អនាគត់ និងបាត់បងម្ចាស់ការ នៅពេលដែលប្រើប្រាស់គ្រឿងញៀន ។

នៃឳកាសនេះផងដែរ ឯកឧត្តម សុខ លូ បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ គោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្តិភាព និងចូលរួមការពារទប់ស្កាត់ការឆ្លងរីករាលដាលនូវមេរោគកូវិដ១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ដោយ ប៊ុន រដ្ឋា