ប្រជាការពារ និងអ្នកអនាម័យក្រុងព្រះសីហនុ ចំនួន ៦៤៧ គ្រួសារទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជា

0

បន្ទាប់ពីចែកអំណោយមនុស្សធម៌ជូនពលរដ្ឋនៅតាម ក្រុង ស្រុក នានាក្នុងខេត្តរួចមក នៅព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទ ក្រហមកម្ពុជា ចែកជូនដល់ប្រជាការពារ និងអ្នកអនាម័យក្រុងព្រះសីហនុ ចំនួន ៦៤៧ គ្រួសារ។

ឯកឧត្ដម គួច ចំរើន បានថ្លែងការកោតសរសើរចំពោះប្រជាការពារ និងអ្នកអនាម័យក្រុងព្រះសីហនុទាំងអស់ ចំពោះការខិតខំប្រឹងប្រឹងប្រែងបំពេញការងារដោយមិនគិតពីថ្ងៃឈប់សំរាក ក្នុងការចូលរួមចំណែកក្នុងរៀបសណ្តាប់ធ្នាប់ក្រុង ភូមិ ឃុំ និងការសំអាតអនាម័យបរិស្ថាន នៅតាមតំបន់ឆ្នេរ និងតាមទីសាធារណៈនានា។
ឯកឧត្តម គួច ចំរើន គូសបញ្ជាក់ថា កាកបាទក្រហម
តែងតែយកចិត្តទុក ដាក់ រួមសុខ រួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋនៅគ្រប់កន្លែង គ្រប់កាលៈទេសៈទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយអ្វីឡើយ។ឯកឧត្ដម ក៏បានថ្លែងអំណរគុណដល់សប្បុរសទាំងអស់ ដែលបានចូលរួមចំណែកជាមួយសាខាកាកបាទក្រហមខេត្ត ទាំងសម្ភារៈ ថវិកា ពេលវេលា ដើម្បីជួយទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌ ចែករំលែកដល់បងប្អូនប្រជាពលរដ្ឋ ក្នុងពេលជួបការលំបាកផេ្សងៗ។

អំណោយដែលចែកជូនមាន អង្ករ ១បាវ
ត្រីខកំប៉ុង ១យួរ =១០កំប៉ុង មី ១កេសតូច ពងមាន់ ៣០គ្រាប់ និងថវិកា ៥០,០០០ ៛ (ប្រាំម៉ឺនរៀល)៕