ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត គ្រោងនឹងផ្តល់ឡដុតសំរាម១ដល់ក្រុងស្ទឹងត្រែង

ខេត្តស្ទឹងត្រែងៈឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្ទឹងត្រែង រួមដំណេីរដោយឯកឧត្តម ញ៉ែម សារី អភិបាលខេត្តស្តីទី និងក្រុមការងារបាននាំយកធុងចម្រោះទឹកស្អាត ទឹកក្តៅ ទឹកត្រជាក់ ប្រើដោយចរន្តអគ្គិសនី ទៅប្រគល់ជូនដល់រដ្ឋបាលក្រុងស្ទឹងត្រែង និងរដ្ឋបាលស្រុកសេសាន ព្រមទាំងបន្តផ្តល់ជូននូវស្បៀងអាហារមួយចំនួនទៀតដល់មន្ទីរបរិស្ថានខេត្ត ដើម្បីទុកសម្រាប់ផ្គត់ផ្គង់ដល់មន្រ្តីឧទ្យានុរក្សនៅតាមគោលដៅនីមួយៗក្នុងខេត្ត ក្នុងការបំពេញភារកិច្ចការពារធនធានធម្មជាតិ។ ក្នុងឱកាសនោះ​ ឯកឧត្តម ផៃ ប៊ុនឈឿន បានមានប្រសាសន៍ថា នឹងផ្តល់ជូនឡដុតសំរាមចំនួន១បន្ថែមទៀតជូនដល់ក្រុងស្ទឹងត្រែង សម្រាប់ប្រើប្រាស់ក្នុងការងារដុតសម្អាតផងដែរ ។ជាងនេះទៅទៀត​ ឯកឧត្តមក៏បានពន្លឿនឲ្យប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង រៀបចំឯកសារច្បាប់ឲ្យបានឆាប់រហ័សដេីម្បីយកមកប្រេីប្រាស់នៅក្នុងខេត្ត ធានាដល់បរិស្ថានស្អាត ជាប្រយោជន៍ដេីម្បីទាក់ទាញភ្ញៀវទេចរណ៍ផង និងដេីម្បីសុខមាលភាពជូនប្រជាពលរដ្ឋផងដែរ ។ 

ឯកឧត្តមប្រធានក្រុមការងារក៏បានជំរុញដល់ប្រធានមន្ទីរបរិស្ថាន​ ត្រូវចេះដឹកនាំមន្ត្រីរបស់ខ្លួន​ សហការជាមួយអាជ្ញាធរក្រុង​ និងប្រជាពលរដ្ឋផងដែរ ដេីម្បីបំផុសពួកគាត់បង្កេីតចលនារេីសសំរាម​បន្ថែមទៀត​ ព្រោះថា​បច្ចុប្បន្នសំរាម​និងកាកសំណល់ផ្សេងៗ​ បាននៅរាយប៉ាយស្ទេីរគ្រប់ទីកន្លែងក្នុងក្រុងស្ទឹងត្រែង ៕