ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំយកថវិកាបេឡាមរណសង្គ្រោះស្បៀងអាហារចូលរួមបុណ្យសពអតីតយុទ្ធ ជន 

0

ខេត្តកំពង់ធំ ៖ ឧត្តមសេនីយ៍ទោសោម ស៊ុន ប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នាំយកថវិកាបេឡាមរណសង្គ្រោះស្បៀងអាហារ ចូលរួមក្នុងពិធីបុណ្យសពលោកអនុសេនីយ៍ គង់ អាន់ អតីតយុទ្ធជន បានមរណភាពដោយសារជំងឺ ក្នុងជន្មាយុ៦២ឆ្នាំ  នៅរសៀលថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២០ នៅភូមិស្វាយ ឃុំបារាយណ៍  ស្រុកបារាយណ៍ ខេត្តកំពង់ធំ   ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការីរួមជាមួយអាជ្ញាធរដែនដី  នាំយកថវិកាបេឡាមរណសង្គ្រោះ និងថវិកាយោធិនរួមអាវុធ ព្រមទាំងស្បៀងអាហារ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវពេជ ចន្ទមុន្នី ប្រគល់ជូនគ្រួសារសព នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ ២០២០ មានថវិកាបេឡាមរណសង្គ្រោះ ៤លានរៀល ថវិកាចូលរួមបុណ្យសព របស់បងប្អូនយោធិន និងអាជ្ញាធរដែនដីកចំនូន៨៥០,០០០ រៀល អង្ករ១០០គ.ក មីពីរកេស ទឹកបរិសុទ្ធពីរកេស ទឹកត្រីទឹកស៊ីអ៊ីវពីរយួរ  ។

លោកវរសនីយ៍ទោ កែ ម៉ែ នាយសេនាធិការរង អនុប្រធានក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ  បានអានលិខិតចូលរួមរំលែកទុក្ខរបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជារួចមក ឧត្ដមសេនីយ៍ទោសោម ស៊ុន  បានសម្តែងនូវការសោកស្ដាយ អាឡោះអាល័យ និងចូលរួមមរណទុក្ខដ៍ក្រៀមក្រំនេះ ជាមួយនិងក្រុមគ្រួសារសព ចំពោះការបាត់បង់មិត្ត រួមអាវុធ ធ្លាប់បានតស៊ូការពារទប់ស្កាត់ ការវឹលត្រឡប់មកវិញ របស់របបប្រល័យពូជសាសន៍ប៉ុលពត សូមឧទ្ទិសកុសលដួងវិញ្ញាណក្ខន្ធលោក អនុសេនីយ៍ឯក គង់ អាន់  ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ   ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន មានប្រសាសន៍ថា អតីតយុទ្ធជន ពិតជាបានរួមចំណែក អនុវត្តន៍គោលនយោបាយ ឈ្នះឈ្នះ  របស់សម្តេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាពពេញ លេញដូចសព្វថ្ងៃនេះ  បើគ្មានអតីរឲតយុទ្ធជនគឺគ្មានថ្ងៃនេះឡើយ។

តំណាងក្រុមគ្រួសារសព  និងអាជ្ញាធរដែនដី បានថ្លែងអំណរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្កើតឲ្យមាន ថវិកាបេឡាមរណសង្គ្រោះ ដើម្បី ក្រុមគ្រួសារសព មានលទ្ធភាពធ្វើបុណ្យសពបានទាន់ពេលវេលា និងបានអរគុណឧត្តមសេនីយ៍ទោសោម ស៊ុន ដែលបានយកចិត្តទុកដាក់ ផ្សារភ្ជាប់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងអតីតយុទ្ធជនក្នុងខេត្តកំពង់ធំ ។

ដោយ ប៊ុន រដ្ឋា