សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុបាននាំយកនំចំនួន ៦០០ប្រអប់ចែកជូនដល់កុមារកំព្រានៅអង្គការម្លប់តាប៉ាង

0

ខេត្តព្រះសីហនុ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហម ជូនដល់កុមារចំនួន ៦០០នាក់ នៅក្នុងអង្គការម្លប់តាប៉ាង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ អំណោយមាននំ Solite ៦០០ប្រអប់ ហើយទាំងអស់នេះដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានចាត់ឲ្យលោកជំទាវ ប្រាក់ ចន្ទសុខា ហិរញ្ញិកគណកម្មាធិការសាខា រួមមន្រ្តីសាខា អនុសាខា ការយកអំណោយជូនដល់កុមារនៅក្នុងអង្គការម្លប់តាប៉ាងនៅរសៀលថ្ងៃចន្ទ ១កើត ខែមិគសិរ ឆ្នាំជូត ទោសស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ។

ក្នុងឱកាសនោះផងដែរលោកជំទាវ ប្រាក់ ចន្ទសុខា ហិរញ្ញិកគណកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ ឯកឧត្តម ប្រធានគណៈកម្មាធិសាខា ឯកឧត្តម ប្រធានកិត្តិយសសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។

ជាមួយគ្នានោះលោកជំទាវ ប្រាក់ ចន្ទសុខា ហិរញ្ញិកគណកម្មាធិការសាខា បានសុំឲ្យលោកគ្រូ អ្នកគ្រូ កុមារទាំងអស់ចូលរួមពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពី អវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ និងត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុលហ្សែល ហើយប្រសិនបើចេញទៅទីសាធារណៈត្រូវពាក់ម៉ាស់ ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ អំណោយដែលយកមកថ្ងៃនេះមានសម្ភារដែលបានផ្តល់ជូនកុមារមាននំ Solite ៦០០ប្រអប់ ៕នាគសមុទ្រ