កម្លាំងនៃមន្ទីរបរិស្ថានខេត្តកំពង់ធំ បង្រ្កាបបទល្មើសព្រៃឈើនិងឃាត់ខ្លួនជនសង្ស័យ៤នាក់រុករាន្ទកាប់ដីព្រៃរបស់រដ្ឋ

0

ខេត្តកំពង់ធំ៖ ជនសង្ស័យ៤រូប បានលបលួចចូលកាប់ព្រៃ នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ និងតំបន់ច្រកល្បៀង អភិរក្សជីវៈចម្រុះ ព្រៃអង់តែន  ត្រូវបានកម្លាំងការិយាល័យដែនជម្រកសត្វព្រៃ សហការជាមួយ ដែនជម្រកសត្វព្រៃព្រៃឡង់  ដឹកនាំការចុះបង្រ្កាបដោយ លោកលី ស្រេង ប្រធានការិយាល័យដែនជម្រកសត្វព្រៃ ដឹកនាំមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃព្រៃឡង់ របៀងអភិរក្សជីវៈប្រព័ន្ធតំបន់ការពារធម្មជាតិ ដែនជម្រកសត្វព្រៃបឹងពែរចុះល្បាតដល់តំបន់ផ្លូវ១៦០ ឃាត់ខ្លួនជនសង្ស័យ៤រូប និងរឹបអូសបានឈើឃ្នៀបមួយចំនួន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។

លោកលី ស្រេង ប្រធានការិយាល័យដែនជម្រកសត្វព្រៃ បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការចុះបង្រ្កាបបទល្មើសព្រៃឈើ  ដោយមានកិច្ចសហការជាមួយ មន្ទីរបរិស្ថានខេត្តក្រចេះ ចុះល្បាតតាមព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ ចំនុចពន្លឺពេជ្រ បានប្រទះឃើញគំនរឈើចំនួន០២កន្លែងដែលបានលាក់ទុកក្នុងព្រៃ ជាប្រភេទឃ្នាបឈើទាលសរុបចំនួន១.៥៣ម៉ែត្រគូប នៅភូមិសាស្រ្តឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ បានប្រទះឃើញជនសង្ស័យមានគ្នា២នាក់ កំពុងកាប់ទន្ទ្រានដីព្រៃដើម្បីធ្វើកម្មសិទ្ធ ។

លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះឃ្វន សាវ៉ាន់ ភេទប្រុស អាយុ៤២ឆ្នាំ ទី២ ឈ្មោះឡាយ លៀង ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តកំពង់ចាម រួមជាមួយម៉ូតូហុងដាស៊េរី២០១០ ពណ៌ខ្មៅ ស្លាកលេខក្រចេះ1B-0288មួយគ្រឿង ។

លោក តុប កក្កដា បានបន្តថា ចំនែកលោក អ៊ី វិចអុល អនុប្រធានការិយាល័យ បានដឹកនាំមន្ត្រីឧទ្យានុរក្សស្នាក់ការអូរតាព្រហ្ម និងស្នាក់ការអូរដៃជ្រៃ ចុះល្បាតតាមដងផ្លូវសំខាន់ៗមួយចំនួនដូចជា ពរោង ក្រាំង ស្រែព្រីង ច្រកខ្លា កែងអូរល្អក់ កែងបឹង ឃាត់ខ្លួនសង្ស័យ ២នាក់ កំពុងស្នាក់នៅក្នុងជំរុំប្រក់តង់កៅស៊ូ ដើម្បីកាប់រានដីព្រៃ យកធ្វើកម្មសិទ្ធិ ទី១ឈ្មោះគុយ អែល ភេទប្រុស អាយុ៦៤ឆ្នាំ ឈ្មោះគីម គីន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិវាល្ពាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ជនសង្ស័យទាំង៤នាក់ បានបញ្ជូនមកមន្ទីរបរិស្ថានខេត្តដើម្បីសួរនាំតាមនីតិវិធីច្បាប់ស្តី និងសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។

លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានបញ្ជាក់ថា ដោយបានអនុវត្តតាមការណែនាំ ចង្អុលបង្ហាញពី ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឲ្យមន្ទីរបរិស្ថានដែលនៅជុំវិញ តំបន់អភិរក្សដែនជម្រកសត្វព្រៃព្រៃឡង់ ត្រូវសហការគ្នា ឲ្យបាន​ល្អ ក្នុងកិច្ចការពារព្រៃឡង់ និងដែនជម្រកសត្វព្រៃឲ្យបានគង់វង្ស ដើម្បីរក្សាសម្បត្តិធនធានធម្មជាតិ ក្នុងនោះក៏បាន កោតសរសើរចំពោះ កងកម្លាំងមន្រ្តីចំណុះឲ្យនៃមន្ទីរបរិស្ថានទាំងអស់ ដែលបានខិតខំប្រឹងប្រែង ដោយមិនខ្លាចនឿយហត់ ក្នុងកាតព្វកិច្ច ការពារអភិរក្ស និងសំណូមពរ ឲ្យមន្រ្តីទាំងអស់ថែទាំរក្សាសុខភាព ឲ្យបានរ៉ឹងមាំផងដែរ។

ដោយ ប៊ុន រដ្ឋា