លោកស្នងការនគរបាលខេត្ត ណែនាំដល់អធិការនគរបាលក្រុងដែលទើបចូលកាន់តំណែង ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋ

0

សៀមរាប:  លោកវរសេនីយ៍ទោ ដា ចំរើន អធិការរងទទួលផ្នែកសេនាធិការ នៃអធិការដ្ឋាននគរបាលក្រុង ត្រូវបានប្រកាសតែងតាំងជាអធិការនគរបាលក្រុងសៀមរាប ជំនួសលោកវរសេនីយ៍ឯក ណុប សារ៉ាក់ ដែលត្រូវផ្ទេរភារកិច្ចទៅជាស្នងការរងនគរបាលខេត្តសៀមរាប។ ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត និងកម្លាំងនគរបាលគ្រប់ជាន់ថ្នាក់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបជាច្រើនរូបចូលរួមផងដែរនាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង បានកោតសរសើរដល់អតីតអធិការនគរបាលក្រុង សៀមរាប លោក ណុប សារ៉ាក់ ដែលបានខិតខំបំពេញការងារកន្លងមក ដោយឆ្លងកាត់ការលំបាកយ៉ាងច្រើន លើការងារដឹកនាំកម្លាំងរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក្នុងខេត្តសៀមរាប។ ក្នុងនោះដែរលោកអធិការនគរបាលក្រុង ដែលទើបទទួលការតែងតាំងតំណែងថ្មី ត្រូវខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត ក្នុងការអនុវត្តន៍ការងារឲ្យបានល្អ ជាពិសេសការបម្រើ និងបំពេញរាល់តម្រូវការផ្សេងៗរបស់ប្រជាពលរដ្ឋ ដែលពួកគាត់តែងតែមានការទុកចិត្ត មកលើកម្លាំងសមត្ថកិច្ចរបស់យើង ដូចជាពាក្យស្លោកដែលតែងតែលើកឡើងថា នគរបាលជាអ្នកបម្រើរប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋនោះទេ។

លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ក៏បានណែនាំឲ្យលោកអធិការដែលទើបនឹងចូលកាន់មុខតំណែងថ្មី ត្រូវយកចិត្តទុកដាក់ក្នុងកិច្ចការងារបង្កា និងបង្រ្កាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបង្កាទប់ស្កាត់ បទល្មើសគ្រោះថ្នាក់ចរាចរណ៍នៅក្នុងមូលដ្ឋានក្រុងសៀមរាប អោយកាន់តែល្អប្រសើឡើងថែមទៀត។ ជាមួយគ្នានោះស្នងការនគរបាលខេត្ត ក៏បានចែករំលែកបទពិសោធន៍ និងគំនិតគួពិចារណាមួយចំនួនជូនលោកអធិការថ្មី ដែលទើបនិងចូលកាន់មុខតំណែង ដើម្បីយកទៅអនុវត្តដឹកនាំនៅក្នុងអង្គភាពឲ្យបានល្អប្រសើរផងដែរ ៕