ឯកឧត្តម ព្រុំ សុខា ប្រកាសតែងតាំង លោក ថៃ ពិសិដ្ឋ ចូលកាន់ មុខ ដំណែង ជា ប្រធាន មន្ទីរ មុខងារ សាធារណៈ ខេត្តកំពង់ចាម

កំពង់ចាម : ប្រកាស តែងតាំងលោក ថៃ ពិសិដ្ឋ ជាប្រធានមន្ទីរមុខងារសាធារណៈខេត្តកំពង់ចាម ជំនួសលោក ម៉ម ភឿក ដែលបានទទួលភារកិច្ចថ្មី ពិធី នេះ ត្រូវ បាន ធ្វេី ឡើង នាព្រឹក ថ្ងៃ ទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្រោម វត្តមាន ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រី ក្រសួង មុខងារ សាធារណៈ ឯកឧត្ដម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សា ខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម ដោយមានការ អញ្ជើញ ចូលរួម ពី ប្រតិភូ ក្រសួង អភិបាល រង ខេត្ត ថ្នាក់ដឹកនាំ មន្ទីរអង្គភាព ជុំវិញខេត្ត និង មន្ត្រី ពាក់ព័ន្ធ ជាច្រើន រូប ផង ដែរ ។

ឆ្លៀត ក្នុង ឱកាស នោះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រី ក្រសួង មុខងារ សាធារណៈ បាន ថ្លែង ការ កោតសរសើរ ចំពោះ ថ្នាក់ដឹកនាំ អាជ្ញាធរ ខេត្តកំពង់ចាម គ្រប់ ជំនាន់ ក្នុង ការ ដឹកនាំ ក៏ដូចជា ការ អភិវឌ្ឍន៍ ខេត្ត ឲ្យ កាន់តែ មាន ការ រីកចម្រើន គួរឲ្យ កត់សម្គាល់ ពី មួយថ្ងៃ ទៅ មួយថ្ងៃ ហើយ ឯកឧត្តម រដ្ឋមន្រ្តី ក៏ បាន ធ្វេី ការ ផ្តាំផ្ញេីរ ដល់មន្ត្រី មុខងារ សាធារណៈ សូម ឲ្យ ពង្រីក សមត្ថភាព របស់ ខ្លួន ឲ្យ បានសាកសម ជា សេនាធិការ ដែល ជា ទី ទុកចិត្ត របស់ ក្រុម ប្រឹក្សា គណៈអភិបាល ក៏ដូចជា ឯកឧត្តមអភិបាលខេត្ត រ ពោលគឺ ត្រូវ មាន សមត្ថភាព ក្នុង ការ បម្រើ សេវា សាធារណៈ ជូន ប្រជាពលរដ្ឋ ឲ្យ ដូចជា អ្នក បម្រើ សេវា ឯកជន ធ្វើ យ៉ាងណា ត្រូវឲ្យ អតិថិជនមានការ សប្បាយ ចិត្ត នោះ យើង ក៏ សប្បាយ ចិត្ត ដូចគ្នា ដែរ ។

ជាមួយគ្នា នោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម ក៏បាន ធ្វើ ការ ផ្តាំផ្ញើដល់លោកប្រធានមន្ទីរដែលទើបនឹងទទួលបានការតែងតាំង ថ្មី ឲ្យ បន្តនិរន្តរភាពការងារ និង រក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ព្រមទាំង មានរបៀបរបបបំពេញការងារឲ្យបានត្រឹមត្រូវតាមនីតិវិធី និងសេចក្តីណែនាំផ្សេងៗ ហេីយ ត្រូវ ការពារផលប្រយោជន៍មន្ត្រីរាជការស៊ីវិល ដោយផ្អែកលើច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការ ស៊ីវិល ឬលិខិតបទដ្ឋានគតិយុត្តជាធរមាន រួមទាំង កិច្ចសហការល្អជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ជាពិសេស ត្រូវមានគំនិតផ្តួចផ្តើម សិក្សាស្រាវជ្រាវ ស្វែងយល់បន្ថែមពាក់ព័ន្ធនឹងច្បាប់ និងលិខិតបទដ្ឋាន នានាផងដែរ ៕