សល់៧ខែមានសេរីភាព តែជួបអកុសលបែជាបាត់បង់ជីវិត

ខេត្តស្ទឹងត្រែង៖ទណ្ឌិតពាក់ព័ន្ធករណីគ្រឿងញៀនម្នាក់ បានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្ត ក្រោយដឹកចេញពីពន្ធនាគារទៅសង្រ្គោះ ។ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី២៣វិច្ឆិកា២០២០នេះ ។ក្រុមគ្រួសារសពបានបង្ហាញពីភាពសោកស្តាយយ៉ាងខ្លាំង ខណៈជនរងគ្រោះ ជាទណ្ឌិតដេកស្លាប់ក្នុងបរវេណមន្ទីរពេទ្យគួរឲ្យសង្វេគដោយដឹងមូលហេតុ ។មន្ត្រីអនុរក្សពន្ធនាគារម្នាក់បានឲ្យដឹងថាៈជនរងគ្រោះជាទណ្ឌិតឈ្មោះសេក សុភ័ក្ក ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំង ព្រីង ឃុំត្រពាំងថ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ និង៦ខែ ពីបទជួញដូរថ្នាំញៀន។ ទណ្ឌិតរូបនេះបានអនុវត្តទោសរបស់ខ្លួនជាង៥ឆ្នាំមកហើយ គឺនៅសល់តែ៧ខែទៀតប៉ុណ្ណោះ នឹងត្រូវបានដោះលែងសេរីភាពវិញ ។ទាក់ទិនការស្លាប់របស់ទណ្ឌិតខាងលើនេះ ជំហានដំបូងនគរបាលការិយាល័យកោសល្យវិច្ច័យ និងបច្ចេកទេស ក៏បានពិនិត្យឃើញលើសពជនរងគ្រោះឃើញមានស្នាមទ្រុឌនៅកញ្ជឹងក ចំនួន៤ចំណុចតូចៗ តែស្លាកស្នាមនោះមិនអាចបណ្តាលឲ្យស្លាប់បាននោះទេ ។ឯមន្ត្រីអនុរក្សពន្ធនាគារបានបញ្ជាក់ថាៈកាលពីក្បាលព្រលប់ថ្ងៃទី២២ទណ្ឌិតខាងលើបានប្រឡែងគ្នា ។

លោក អ៊ុក មឿន នាយការិយាល័យកោសល្យវិច្ច័យ និងបច្ចេកទេស នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ក៏បានបញ្ជាក់ឲ្យដឹងដែរថាៈក្រោយការចូលរួមពិនិត្យ ជាមួយក្រុមវិជ្ជៈបណ្ឌិតរួចមក គឺអាចសន្និដ្ឋានថា ជនរងគ្រោះ ស្លាប់ដោយសារគាំងបេះដូង ។

បច្ចុប្បន្ន សពទណ្ឌិតខាងលើ ត្រូវបានប្រគល់ជូនក្រុមគ្រួសារបញ្ជូនទៅធ្វើបុណ្យនៅស្រុកកំណើត ឯខេត្តត្បូងឃ្មុំ ៕