ភ្ញៀវទេសចរណ៍ ដែលមកកម្សាន្តក្នុងខេត្តមណ្ឌលគិរី នៅតែមានជាបន្ត ខណៈនៅមានជម្ងឺកូវីដ១៩

0

ខេត្តមណ្ឌលគិរី៖ ក្រោយព្រឹត្តិការណ៍០៣វិច្ឆិកា ប្រទេសកម្ពុជាបានទទួលរងនូវវិបត្តិកូវីដ១៩សារជាថ្មី ក៏ ប៉ុន្តែក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ក៏ដូចជាវិធានការដ៏ល្អប្រសើររបស់ប្រមុខរាជរដ្ឋាភិបាលបានធ្វើឲ្យខេត្តមណ្ឌលគិរីនៅតែទទួលបាននូវកំណើនភ្ញៀវទេសចរណ៍ឲ្យចូលមក ទាំងដំណើរកម្សាន្តបែបលក្ខណៈគ្រួសារ និងជាលក្ខណៈក្រុមហ៊ុនទេសចរណ៍នោះក្តី ។
នៅតាមគោលដៅទេសចរណ៍ជាច្រើនក្នុងខេត្តមណ្ឌលគិរី ញឺមានភ្ញៀវទេសចរណ៍ជាតិ បានមកស្ទើរគ្រប់ទីកន្លែង មានដូចជាៈទឹកជ្រោះប៊ូស្រា សមុទ្រឈើ ភ្នំដោះក្រមុំ ហើយជាពិសេសនោះ គឺភ្នំអណ្ដូងស្នេហ៍ក្នុងស្រុកអូររាំង ដែលបានទាក់ទាញចំណាប់អារម្មណ៍ មនុស្សគ្រប់គ្នាឲ្យចូលទៅកម្សាន្តមិនរំលង នោះឡើយ ដែលភ្នំនេះអ្នកទេសចរណ៍ភាគច្រើន អាចផ្ដិតយករូបភាពភ្នំវាលស្នៅ ជាមួយនិងដើមស្រល់ដ៏ ស្រស់ស្អាតនៅជុំវិញ ក៏ដូចជាមើលឃើញរូបរាងផ្លូវនៅខាងក្រោម មានទម្រង់ជាអក្សរ”S”ដែលកំពុងពេញនិយម ហើយភ្ញៀវទេសចរណ៍ តែងចូលចិត្តថតរូបឲ្យជាប់រូបរាងផ្លូវមួយខ្សែនេះ នៅខាងក្រោយខ្នងពួកគេផងដែរ ។
ហួតសេរីបញ្ញាអគ្គនាយិកាក្រុមហ៊ុនMaTeyប្រេនបានបង្ហាញចំណាប់អារម្មណ៍ថាៈដំណើរកម្សាន្តរបស់គាត់ ជាលក្ខណៈក្រុមហ៊ុន ដែលមានសមាជិកសរុបប្រមាណ៥០នាក់ឯណោះ បានចូលមកកាន់ ខេត្តមណ្ឌលគិរីនេះ ។ លោកស្រី បានបន្ថែមថាៈ ទោះស្ថិតក្នុងអំឡុងពេលកូវី១៩ក្តីក៏ក្រុមហ៊ុនរបស់លោកស្រី អាចដំណើរការអាជីវកម្មបានល្អប្រសើរដដែល ក៏នឹងមានឱកាសបាននាំសមាជិកក្រុមហ៊ុនមកលេងកម្សាន្ត នៅខេត្តមណ្ឌលគិរី នេះ ពិតជាសប្បាយរីករាយខ្លាំងណាស់ ដោយទីនេះមានតំបន់ទេសចរណ៍ស្អាតៗជាច្រើនកន្លែង ដែលពោរពេញទៅដោយខ្យល់អាកាសបរិសុទ្ធនិងអាកាសធាតុត្រជាក់ល្អហើយប្រសិនបើមានឱកាសក្រោយលោកស្រីចង់មកកម្សាន្ត ក្នុងខេត្តមណ្ឌលគិរីនេះបន្តទៀត ។
លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ ខេត្តមណ្ឌលបានឲ្យដឹងថាៈភ្ញៀវទេសចរណ៍ ដែលបានមកទស្សនាកម្សាន្ត នៅតែមានចំនួន ច្រើនរៀងរាល់សប្ដាហ៍ ។ ជាទូទៅក្នុងមួយសប្ដាហ៍មានភ្ញៀវទេសចរណ៍មកកម្សាន្តបានប្រមាណ បួនពាន់នាក់ ទាបបំផុតចន្លោះពីរពាន់នាក់ទៅបីពាន់នាក់ដែរ ។ លោកប្រធានមន្ទីររំពឹងថា នៅឱកាសឆ្លងឆ្នាំសកលខាងមុខ ខេត្តមណ្ឌលគិរីនឹងអាចទទួលទេសចរណ៍យ៉ាងច្រើនកុះករដូចសព្វមួយដង ជាមួយនិងផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន ច្រើនកន្លែង ដែលអាចទទួលស្វាគមន៍ភ្ញៀវទេសចរណ៍បាន ជាទីគាប់ចិត្ត ។

លោកប្រធានមន្ទីរទេសចរណ៍បានអំពាវនាវឲ្យភ្ញៀវទេសចរណ៍ទាំងអស់សូមយកចិត្តទុកដាក់ឲ្យបានខ្ពស់អំពីវិធានការក្នុងការការពារនូវជម្ងឺកូវីដ១៩ ដើម្បីធានាដល់ដំណើរកម្សាន្តមានភាពរីករាយ និងស្រស់ស្រាយ ដោយមិនមានកូវីដ១៩ក្នុងសហគមណ៍ ក៏ដូចជាតំបន់ទេសចរណ៍ ៕