ផ្លូវទាំង៣៤ខ្សែរនឹងត្រូវចាក់អ៊ុតបេទីមនៅដើម ខែ ធ្នូ ឆ្នាំ ២០២០នេះហើយ

0

ខេត្តព្រះសីហនុ៖ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានដឹកនាំកិច្ចប្រជុំជាមួយក្រុមហ៊ុនស្ថាបនាផ្លូវទាំង៣៤ខ្សែនិងក្រុមហ៊ុនអ៊ុតបេទីមផ្លូវក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុងស្រុក មន្ទីរពាក់ព័ន្ធ និងនាយកទីចាត់ការសាលាខេត្តផងដែរ។
.ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត មានប្រសាសន៍បើកកិច្ចប្រជុំថាដោយមានការឯក ភាពពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ឱ្យក្រុមការងាររៀបចំអ៊ុតបេទីមលើផ្លូវ ទាំង៣៤ ខ្សែក្នុងខេត្តព្រះសីហនុហើយគម្រោងនេះនឹងចាប់ផ្តើមនៅថ្ងៃទី២ខែធ្នូឆ្នាំ២០២០ខាងមុខ។ដូច្នេះក្រុមហ៊ុនស្ថាបនាផ្លូវនិងក្រុមហ៊ុនអ៊ុតបេទីមអាចដំណើរការបានតាមកិច្ចសន្យារវាងរដ្ឋបាលខេត្តជាមួយក្រុមហ៊ុនអ៊ុតបេទីមទាំង០៣ក្រុមហ៊ុនជំហានដំបូងយើងធ្វើការអ៊ុតបេទីមលើខ្សែផ្លូវធំៗជាមុននិងបន្តទៅខ្សែផ្លូវផ្សេងទៀតតាមផែនការនិងពេលវេលាដែលបានគ្រោងទុក។
.ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានធ្វើការណែនាំដល់ក្រុមហ៊ុនស្ថាបនាផ្លូវទាំងអស់ ត្រូវធ្វើការសំអាតខ្សែផ្លូវដើម្បីបង្កលក្ខណ:ងាយស្រួលឱ្យក្រុមហ៊ុនអ៊ុតបេទីមមានលទ្ធភាពបំពេញការងារតាមផែនការបានរលូនព្រមទាំងបានសំណូមពរឱ្យក្រុមហ៊ុនទាំងអស់គឺក្រុមហ៊ុនស្ថាបនាផ្លូវនិងក្រុមហ៊ុនអ៊ុតបេទីមត្រូវសហការគ្នាដើម្បីឱ្យដំណើរការស្ថាបនា និងអ៊ុតបេទីមធានាបាននូវបរិមាណ គុណភាព និងសោភ័ណភាព ក្នុងខេត្តព្រះសីហនុរបស់យើង បំរើឱ្យវិស័យទេសចរណ៍ និងវិនិយោគនាពេលខាងមុខ។
.សូមបញ្ជាក់ថាក្រុមហ៊ុនទាំង០៣ ដែលទទួលអ៊ុតបេទីម រួមមាន÷១.ក្រុមហ៊ុន CCES Engineering Services Co., LTD ទទួលបានផ្លូវចំនួន០៥ខ្សែ។២.ក្រុមហ៊ុន TCM Engineering Co., LTD ទទួលបានផ្លូវចំនួន១២ខ្សែ។
៣.ក្រុមហ៊ុន LS Construction (Lee Service Cambodia) PTC., LTD ទទួលបានផ្លូវចំនួន ១៧ខ្សែ៕នាគសមុទ្រ