ឯកឧត្តម យូ ស៊ុនឡុង​ ចុះពិនិត្យ​ទីតាំង​គ្រោង​រៀបចំ​ពិធី​តភ្ជាប់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ​ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន​ នៅ​ដេីម​ខែ​ធ្នូ​ខាងមុខនេះ​

កំពង់ចាម​: ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រូួមនឹង​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ​ នាព្រឹក​ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​នេះ​​​ បាន​អញ្ជើញ​ចុះពិនិត្យទីតាំង និងប្រជុំពិភាក្សា​ជា​លេីក​ទី​២​ ដេីម្បី​ត្រៀមផែនការបែងចែកភារកិច្ចរៀបចំពិធីតភ្ជាប់ស្ពានឆ្លងកាត់ទន្លេមេគង្គ​ស្រុកស្ទឹងត្រង់-ក្រូចឆ្មារ ដោយ​មានការ​អញ្ជើញ​ចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ​ឯកឧត្តម​ ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ​ ​និង​កង​កម្លាំង​ប្រដាប់​អាវុធ​ ថ្នាក់ដឹកនាំ​មន្ទីរអង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត​ទាំង​២ ព្រមទាំង​អាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ​។

ដោយ​ពិធីតភ្ជាប់ស្ពានឆ្លងកាត់ទន្លេមេគង្គ​ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​ និង​ស្រុក​ក្រូចឆ្មារ​ ខេត្ត​ត្បូងឃ្មុំ​ គ្រោងនឹងប្រព្រឹត្តទៅនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គួររំលឹកផងដែរថា ស្ពាន​ស្ទឹង​ត្រង់-ក្រូចឆ្មារ​នេះ ត្រូវបាន​បើកការដ្ឋាន​សាងសង់​ជាផ្លូវការ​កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ​២០១៨​ ក្រោមអធិបតី​ភាព​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន។ ស្ពាន​នេះ ឆ្លងកាត់​ទន្លេ​មេគង្គ ពី​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ទៅស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ និង​ផ្លូវ​តភ្ជាប់​សង​ខាងស្ពាន។ ដោយស្ពាននេះ​មាន​ប្រវែង​សរុប ១១៣១ ម និង ទទឹង​១៣,៥០ ម ជា​ប្រភេទ​ស្ពាន​បេតុង​សរសៃ​ដែក គ្រោង​ចំណាយ​ថវិកា​សរុប ៥៦,៩៩៨ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ជា​ហិរញ្ញប្បទាន​សម្បទាន ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួម​ជាមួយ​ថវិកា​បដិភាគ របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ដោះស្រាយ​ផល​ប៉ះពាល់ និង​បោស​សម្អាត​យុទ្ធភ័ណ្ឌ​មិន​ទាន់ផ្ទុះ។ គម្រោង​ស្ពាននេះ​ ត្រូវបាន​សាងសង់​ឡើង​ដោយ​ក្រុមហ៊ុន​សំណង់​សៀងហៃ​គ្រុប (Shanghai Construction Group) និង​ត្រួតពិនិត្យ​បច្ចេកទេស ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស ក្វាង​ចូវវ៉ានអាន។ តាម​គម្រោង​ការ​ស្ថាបនា​នេះ នឹងត្រូវ​ចំណាយ​រយៈពេល​ចំនួន ៤២​ខែ ចាប់ពី​ខែកុម្ភៈ ឆ្នាំ​២០១៨ ដែលគ្រោង​បញ្ចប់​ការសាងសង់​នៅដើមឆ្នាំ២០២១​ខាងមុខ។

គួរកត់​សម្គាល់​ផងដែរ​ថា កន្លងមក​បងប្អូន​ប្រជាពលរដ្ឋ​ទាំងនៅ​ត្រើយ​ខាងកើត និងត្រើយ​ខាងលិច អាច​ធ្វើដំណើរ និង​ទំនាក់ទំនង​គ្នា​ទៅវិញ​ទៅមក​ ​តាម​រយៈ​ការ​ជិះ​ទូកដ ឬសាឡាង​ចម្លង​កែច្នៃ​តូចៗ ដែល​ពួកគាត់តែង​តែជួប​នូវការ​លំបាក គ្រោះថ្នាក់ និង​មិនសូវ​មាន​ប្រសិទ្ធភាព ក្នុងការ​ដឹកជញ្ជូន​ទំនិញ។ បន្ទាប់​ពី​ការ​សាងសង់​ត្រូវ​បាន​បញ្ចប់​ស្ពាន​នេះ​នឹងបង្កលក្ខណៈប្រសើរបន្ថែមទៀតក្នុងការជំរុញការអភិវឌ្ឍន៏ និងកំណើនសេដ្ឋកិច្ច នៅក្នុងខេត្តកំពង់ចាម និងជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ឬទំនិញផ្សេងៗ​ ផងដែរ​ ៕