ឃាត់ខ្លួនយុវជនម្នាក់ត្រូវបានសមតកិច្ចឃាត់ខ្លួន និង ដកហូតថ្នាំញៀន២ម៉ឺនគ្រាប់ខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការបង្រ្កាប និងឃាត់ខ្លួនយុវជនម្នាក់ ដកហូតសារធាតុញៀនបានចំនួន១០០កញ្ចប់តូចយកមកកាន់ស្នងការដ្ឋានដើម្បីចាត់ការតាមច្បាប់ ។ ការបង្រ្កាបនេះ សមត្ថកិច្ចធ្វើឡើងនៅវេលាម៉ោង១៦និង០០ នាទី ក្នុងថ្ងៃទី២៨វិច្ឆិកាម្សិលម៉ុញ ត្រង់ចំនុចបង្គោលសេវា២ ស្ថិតក្នុងភូមិលើ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ។

មន្រ្តីនៃការិយាល័យប្រឆាំងគ្រឿងញៀន បានឲ្យដឹងថាៈថ្នាំញៀនដែលសមត្ថកិច្ចជំនាញដកហូតបាននោះជាប្រភេទគ្រាប់(WY) មានចំនួន១០០កញ្ចប់តូច ស្មើនិងប្រមាណ២ម៉ឺនគ្រាប់ ។ រីឯជនសង្ស័យ មានឈ្មោះ ធីង សីហា ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដរស់នៅភូមិលើ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងស្ថិតនៅស្នងការដ្ឋាននគរបាលខេត្ត ក្រោមការរៀបចំ និងចងក្រងឯកសារពីសំណាក់ជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីបញ្ជូនបន្តទៅតុលាការ ចាត់វិធានការទៅតាមនិតិវិធីច្បាប់ ៕