ប្រជាពលរដ្ឋអបអរសាទរនឹងចំណាត់ការរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងអនុវត្តដីកាមោឃភាពលើដីជាង៥ម៉ឺនម៉ែត្រក្រឡា ដើម្បីអភិវឌ្ឍន៍

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋ អបអរសាទរនឹងចំណាត់ ការរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងអនុវត្តដីកាលើដីជាង៥ម៉ឺនម៉ែត្រក្រឡា ដើម្បីអភិវឌ្ឍន៍ សាងសង់ផ្លូវ, ចិញ្ចើមផ្លូវ, រង្វង់មូលទូកមាស, សួនច្រមុះជ្រូក, និងហេដ្ឋារចនា សម្ព័ន្ធផ្សេងៗទៀតលើដីសាធារណៈរបស់រដ្ឋស្របតាមប្លង់គោល សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង។

យោងតាមដីកាលេខ ២៦៥/២០ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំងសម្រេចមោឃភាពកិច្ចសន្យាលក់ផ្តាច់ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ របស់ឈ្មោះ រឺក់ វាខ្លីន ភេទប្រុស មាន ទីលំនៅបច្ចុប្បន្ន នៅភូមិទី១០ សង្កាត់ទួលស្វាយ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានដីទំហំ ៥៥០១,៤៣ ម៉ែត្រការ៉េ ស្ថិតនៅភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង អមដោយឯកសារយោង គំនូសបង្ហាញទីតាំង ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ និង ដីកាលេខ ២៦៦/២០
សម្រេចដោឃភាពកិច្ចសន្យាលក់ផ្កាច់ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ របស់ឈ្មោះ ម៉ក់ វ៉ាន្នីន ភេទប្រុស មានទីលំនៅបច្ចុប្បន្ន នៅភូមិទី១០ សង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានដីទំហំ ៤២៤,០៦ ម៉ែត្រការ៉េ ស្ថិតនៅភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង អមដោយឯកសារយោង គំនួសបង្ហាញទីតាំង ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ ។

តាមរយៈដីកាមោឃភាពខាងលើទាំងពីរនេះ ដោយក្បាលដីនេះ ស្ថិតនៅក្នុងតំបន់២ នៃសារាចរ ណែនាំលេខ ០២ សរណន ចុះថ្ងៃទី២៧ ខែមីនាឆ្នាំ២០១៣ របស់រាជរដ្ឋាភិបាល និងជាដីទំនាបលិចទឹកនៅរដូវ វស្សា ដោយមានគំនូសបង្ហាញទីតាំងដែលបានរំលោភដីចំណីផ្លូវសាធារណៈរបស់រដ្ឋ។ គំនូសបង្ហាញទីតាំងក្លាយជាឧបករណ៍ សម្រាប់ប្រើប្រាស់រំលោភយកដីចំណីផ្លូវធ្វើជាកម្មសិទ្ធិឯកជនខុសនីតិវិធី និងជាឧបករណ៍រារាំងដល់រដ្ឋ បាលសាធារណៈ បំពេញ មុខងារសាងសងហេដ្ឋា រចនាសម្ព័ន្ធស្របតាមនីតិវិធី ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋ។

ដោយឯកសារកិច្ចសន្យាលក់ផ្តាច់ និងគំនូសបង្ហាញទីតាំង បានរំលោភចូលដីចំណី ផ្លូវសាធារណៈ មិនគោរពប្លង់គោលអភិវឌ្ឍន៍ផ្លូវ និងរង្វង់មូល ដែលអនុម័តដោយក្រុមប្រឹក្សាខេត្តអាណត្តិទី២ ព្រមទាំង មិនបានបញ្ជូនឯកសារមកគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តដើម្បីពិនិត្យ សម្រេច ឬតម្កល់ ដែលជាឋានានុក្រម ចាត់ចែង ប្រើប្រាស់ដីរដ្ឋថ្នាក់ខេត្ត មុនបន្តនីតិវិធីផ្សេងៗទៀត។

គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត សម្រេចមោឃភាពតម្លៃគតិយុត្តឯកសារកិច្ចសន្យាលក់ផ្តាច់ និងគំនូស បង្ហាញទីតាំង ព្រមទាំងឯកសារពាក់ព័ន្ធ ចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ តទៅ។

ករណីប្រើប្រាស់ឯកសារកិច្ចសន្យាលក់ផ្តាច់ និងគំនូសបង្ហាញទីតាំង ព្រមទាំងឯកសារពាក់ព័ន្ធ សម្រាប់បន្ត នីតិវិធីរដ្ឋបាល ឬនីតិវិធីផ្សេងៗទៀត ក្រោយថ្ងៃ២០ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រូវចាត់ទុកជាការខុសច្បាប់។

កំណត់រយៈពេល ០៦ ថ្ងៃ ចាប់ពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ដើម្បីឱ្យសាមីខ្លួន ផ្តល់ឯកសារផ្សេងៗទៀតដែលខ្លួនមាន មកគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត តាមរយៈមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត រួមទាំងឯកសារប្រភពដើមដីនេះ និវិក័យបត្របង់ពន្ធអាករផងដែរ ដើម្បី ពិនិត្យ និងបំពេញនីតិវិធីស្របតាមគោលការណ៍ មានរយៈពេល៣០ថ្ងៃ។ ក្នុងករណីរកឃើញថា ការទទួលបាន ដីនេះ មិនស្របតាមនីតិវិធី គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នឹងមានវិធានការស្របតាមគោលការណ៍ និងនីតិវិធី។

ប្រគល់ភារកិច្ចជូនរដ្ឋបាលក្រុងកំពង់ឆ្នាំង ធ្វើសេចក្តីជូនដំណឹងជាសាធារណៈ និងប្រគល់ដីកានេះជូនសាមីខ្លួន ឱ្យបានទាន់ពេលវេលា។ ត្រូវរៀបចំក្រុមការងារបច្ចេកទេសវាស់វែងកំណត់ដីចំណីផ្លូវឡើងវិញ ដោយគោរពយ៉ាងម៉ឺងម៉ាត់ តាមគោលការណ៍ និងផលប្រយោជន៍ផ្សេងៗទៀតរបស់រដ្ឋ និងប្លង់គោលអភិវឌ្ឍន៍ខេត្ត ដែលក្រុមប្រឹក្សាខេត្តបាន អនុម័ត។ ទន្ទឹមនេះ វាស់វែងផ្តល់ឱ្យសាមីខ្លួនបន្តគ្រប់គ្រង អាស្រ័យផលបណ្តោះអាសន្នស្របតាមនីតិវិធី ប៉ុន្តែការ វាស់វែងត្រូវពន្យារពេលរហូតដល់គម្រោងសាំងសង់ស្ពាន និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៥០សេ របស់រាជរដ្ឋាភិបាល បានរៀបចំរួច។ ក្នុងចន្លោះពេលនេះ រដ្ឋបាលក្រុងកំពង់ឆ្នាំង ចង្អុលបង្ហាញ់ឱ្យសាមីខ្លួនអាស្រ័យផលដំណាំកសិកម្ម ជាបណ្តោះអាសន្នលើដីដែលមិនប៉ះពាល់ដីចំណីផ្លូវ រង្វង់មូល ច្រមុះជ្រូក និងចិញ្ចើមផ្លូវ។ ការអនុវត្តគម្រោងផ្សេងៗ ទៀត ត្រូវហាមឃាត់ជាបណ្តោះអាសន្ន។

អនុញ្ញាតឱ្យរដ្ឋបាលក្រុងកំពង់ឆ្នាំង និងអង្គភាពកងវិស្វកម្មលេខ ១៨០ ដោយមានការគាំទ្រ ពីក្រុមការងារចម្រុះ រដ្ឋបាលខេត្តដំណើរការវាស់វែង និងសាងសង់ផ្លូវ, ចិញ្ចើមផ្លូវ, រង្វង់មូលទូកមាស, សួនច្រមុះជ្រូក, និងហេដ្ឋារចនា សម្ព័ន្ធផ្សេងៗទៀតលើដីសាធារណៈរបស់រដ្ឋស្របតាមប្លង់គោល ដែលបានអនុម័តដោយក្រុមប្រឹក្សាខេត្ត ចាប់ពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២០ ឱ្យរួចរាល់មុនថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១៕