នគរបាលប៉ុស្តិ៍ភ្នំពេញថ្មីខណ្ឌសែនសុខ ឃាត់ខ្លួនបុរសជនជាតិចិន៣នាក់ ករណីកាន់កាប់អាវុធដោយគ្មានការនុញ្ញាតិ

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ឃាត់ខ្លួនជនជាតិចិន០៣នាក់ ករណីកាន់កាប់អាវុធដោយគ្មានការនុញ្ញាតិ។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ នៅវេលាម៉ោង១២និង១០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមុខផ្សារថៃហួត ផ្លូវ១០០៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ដែលឃាត់ខ្លួននោះ ទី១-ឈ្មោះ វ័ង ចុងអ៊ិ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅសណ្ឋាគារប៉ាវហ្វុង ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន), ទី២-ឈ្មោះ ជីង អ៊ី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅផ្ទះជួល ផ្លូវ១០១៩ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (មានសារធាតុញៀន), និងទី៣-ឈ្មោះ ស៊ូ ភីង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅសណ្ឋាគារប៉ាវហ្វុង ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាប១ (មានសារធាតុញៀន)។

ក្នុងនោះសមត្ថកិច្ចដកហូតរថយន្ត០១គ្រឿង ម៉ាកឡិចស៊ីស៥៧០ ពណ៌ខ្មៅ ផលិតឆ្នាំ២០០៨ ពាក់ស្លាកលេខ ភ្នំពេញ 2Q-6666 និងអាអាវុធខ្លី ១ដើម ម៉ាកឡុក១៧ ពណ៌ខ្មៅ លេខ0406 និងបង់០១ មានគ្រាប់៨គ្រាប់។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ សមត្ថកិច្ចកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕