អភិបាលខេត្តកំពង់ចាម​ ចុះ​ពិនិត្យ​គម្រោង​ស្ថាបនា​​​​ផ្លូវ​ក្រាល​​កៅស៊ូ​ប្រភេទ​AC ចំនួន​៣ខ្សែ​ ក្នុង​ក្រុង​កំពង់ចាម

កំពង់ចាម​:​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ រួមដំណេីរ​ជាមួយ​​អភិបាល​រង​ខេត្ត​ ​នាព្រឹក​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០២០​នេះ​ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ អញ្ជេីញចុះ​ពិនិត្យ​គម្រោង​ស្ថាបនា​​ផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទ​AC ចំនួន​៣ខ្សែ​ នៅ​ក្នុង​ក្រុងកំពង់ចាម​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ គម្រោង​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទ​AC​ ចំនួន​៣ខ្សែ​នេះ​រួមមាន​៖​ ខ្សែទី១ (ផ្លូវលេខ ៧ ចាស់ ) ប្រវែង ១,៥៦២ ម៉ែត្រ ទទឹង ១០ ម៉ែត្រ ចាប់ពីកែងវរង្វង់មូល ១-៧៩ ភូមិទី៦ សង្កាត់វាលវង់ ដល់ផ្លូវមុនីវង្ស ភូមិទី៤ សង្កាត់ វាលវង់ ក្រុងកំពង់ចាម។ 

ខ្សែទី២ (ផ្លូវលេខ ៥១) ប្រវែង​ ៥១២ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ចាប់ពីស្តុបលំហែរផ្លូវជាតិលេខ៧ថ្មី​ ភូមិបឹងស្នាយ​ សង្កាត់សំបួរមាស​ ដល់ផ្លូវលេខ៧ចាស់​ ភូមិទី៦ សង្កាត់វាលវង់​ ក្រុងកំពង់ចាម។ 

ខ្សែទី៣ (ផ្លូវលេខ ៥៥) ប្រវែង ៧៧១ ម៉ែត្រ ទទឹង ៧,៥ម៉ែត្រ ៨ម៉ែត្រ ចាប់ពីផ្លូវភ្លោះព្រះបាទ មុនីវង្ស ភូមិទី៤ សង្កាត់វាលវង់ ទល់ផ្លូវលេខ ៨៥ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម។ 

ឆ្លៀត​​​​ក្នុង​ឱកាស​អញ្ជើញ​​ចុះ​ពិនិត្យ​គម្រោង​​​ស្ថាបនា​ផ្លូវ​ខាង​លើនេះ​ដែរ ឯកឧត្តម​ អ៊ុន​ ចាន់ដា​​ អភិបាល​ខេត្ត​កំពង់ចាម​ រួមនឹង​ប្រតិភូ​អមដំណើរ​ ក៏បាន​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​អម​សងខាង​ផ្លូវ​ ដោយ​​គាត់​មាន​ការ​ត្រេកអរ​ជា​ខ្លាំង​ ព្រោះ​បច្ចុប្បន្ន​នេះ​​ប្រទេស​ជាតិ​យើង​មាន​សុខសន្តិភាព​ ទេីបមាន​ការ​អភិវឌ្ឍន៍​រីកចម្រើន​ជា​បន្តបន្ទាប់​ ជាក់ស្តែង​ដូចជា​ការ​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទ​AC​នេះ​ គឺជា​ការ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ សម្រាប់​ការ​​ធ្វើដំណើរ​ ​របស់​បងប្អូន​​ប្រជាពលរដ្ឋ​ ​​ផង​ដែរ​ ៕