មកដល់ថ្ងៃទី១៥ខែធ្នូនេះ អ្នកពាក់ព័ន្ធនឹងព្រឹត្ដិការណ៍២៨វិច្ឆិកាចំនួន២៥៣នាក់ នៅសៀមរាប លទ្ធផលអវិជ្ជមាន

លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល ខេត្ដសៀមរាប មានប្រសាសន៍ថា មកដល់ថ្ងៃទី១៥ខែធ្នូឆ្នាំ២០២០នេះ ការធ្វើតេស្ដលើកទី៣ ទៅលើអ្នកពាក់ព័ន្ធក្នុងព្រឹត្ដិការណ៍សហគមន៍២៨វិច្ឆិកា ដែលបានប៉ះពាល់ដោយផ្ទាល់និងប្រយោលចំនួន២៥៣នាក់ លទ្ធផលអវិជ្ជមាន ខណៈដែលចំនួនសរុប៣៥២៤នាក់អវិជ្ជមាននៅទូទាំងប្រទេស។លោកបានបន្ដថា អ្នកពាក់ព័ន្ធចំនួន២៥៣នាក់នៅខេត្ដសៀមរាបនោះ បានធ្វើតេស្ដរកមេរោគកូវីដ១៩ជាលើកទី៣ នៅមណ្ឌលចត្ដាឡីស័ក សាលាគរុកោសល្យ និងវិក្រិតកាខេត្ដសៀមរាប។ នេះបើតាមការលើកឡើងរបស់ប្រធានមន្ទីរសុខាភិបាលរូបនោះតាមបណ្ដាញសង្គមរបស់លោក នៅថ្ងៃទី១៥ខែធ្នូឆ្នាំ២០២០នេះ។លោកក្រុសារ៉ាត់ អំពាវដល់ពលរដ្ឋអោយអនុវត្ដតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានជាប្រចាំ ដោយធ្វើអនាម័យ លាងដៃនឹងសាប៊ូ អាល់កុលឬជែល ពាក់ម៉ាស់អោយបានជាប់ជាប្រចាំ និងរក្សាគម្លាត សុវត្ថិភាពផងដែរ។

របាយការណ៍របស់មន្ទីរសុខាភិបាល ខេត្ដសៀមរាប បានបង្ហាញថា ការយកសំណាកធ្វើតេស្ដរកមេរោគកូវីដ១៩លើកទី៣នេះ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៤ខែធ្នូ មានចំនួន៣៧២នាក់ ក្នុងស្រី៩៦នាក់ ខណៈការធ្វើតេស្ដនៅក្នុងព្រឹត្ដិការណ៍សហគមន៍នេះបញ្ចប់នៅថ្ងៃទី១៥ខែធ្នូនេះ។តាមរបាយការណ៍ដដែល បានបន្ដថា លទ្ធផលធ្វើតេស្តលើសំណាកលើកទី១ និងលើកទី២ សរុបជិត៩០០សំណាកក្នុងខេត្តសៀមរាប  សុទ្ធតែពុំមានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ឡើយ។ជាមួយនោះ ការប្រមូលសំណាក អ្នកពាក់ព័ន្ធព្រឹត្ដិការណ៍សហគមន៍ ២៨វិច្ឆិកា ក្នុងខេត្តសៀមរាប និងប្រជាពលរដ្ឋទើត្រឡប់មកពីបរទេស នៅតបន្តធ្វើជារៀងរាល់ថ្ងៃ នៅមណ្ឌលចត្ដាឡីស័ក នៃសាលាគរុកោសល្យ និងវិក្រឹតការ៕