រដ្ឋបាលខេត្តព្រះសីហនុគ្រោងបង្កើតមណ្ឌលបន្សាបគ្រឿងញៀនមួយដើម្បីព្យាបាលអ្នកញៀនថ្នាំនៅខេត្តព្រះសីហនុ

 ខេត្តព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០កិច្ចប្រជុំពិភាក្សាមួយស្តីពីគម្រោងបង្កើត មណ្ឌលបន្សាបព្យាបាលអ្នកញៀនថ្នាំត្រូវបានធ្វើឡើង ក្រោមវត្តមាន ឯកឧត្តម គួច ចំរើន  អភិបាលខេត្តព្រះសីហនុ និងមានការចូលរួមដោយមន្ត្រីពាក់ពន្ធ័មួយចំនួនផងដែរ។ ជាមួយគ្នានេះគម្រោងស្តីអំពីការផ្ទេរការគ្រប់គ្រងចាត់ចែងរបបជូនជនរងគ្រោះកំពុងស្នាក់នៅមណ្ឌល អប់រំ បន្សាបព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនបណ្តោះអាសន្នកន្លងមកគ្រប់គ្រង ដោយបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុក៏បានលើកយកមកពិភាក្សាដើម្បីប្រគល់ ជូនរដ្ឋបាលខេត្តព្រះសីហនុ ទទួលគ្រប់គ្រងវិញ។ បើតាមគម្រោងរដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំមណ្ឌលបន្សាបព្យាបាលអ្នកញៀនថ្នាំមួយ គ្រប់គ្រងដោយខ្លួនឯង មានការជួយសហការពីសំណាក់កំលាំងអាវុធហត្ថ មន្ទីរសុខាភិបាល និងមន្ទីរសង្គមកិច្ចស្តារយុវនិតិសម្បទា ដើម្បីទទួលយកអ្នកញៀនថ្នាំនៅខេត្តព្រះសីហនុ ស្របតាមគោលការណ៍មួយច្បាស់លាស់។ 

ចំពោះមុខ ឯកឧត្តម គួច ចំរើន  បានណែនាំអោយបង្កើតក្រុមការងារមួយដែលមានអភិបាលរងខេត្ត មួយរូបដឹកនាំចុះពិនិត្យរកទីតាំងសមស្រប មានសុវត្ថិភាព មានទឹក ភ្លើងគ្រប់គ្រាន់ និងត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាដើម្បីបង្កើតបណ្ឌល បន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។  ទន្ទឹមនេះ ឯកឧត្ដម គួច ចំរើនបានណែនាំអោយពិនិត្យមើលរបៀបរបបដឹកនាំរបស់កងរាជអាវុធហត្ថ ក្រុងព្រះសីហនុ កន្លងមកពាក់ពន្ធ័ ការងារអប់រំ បន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿង ញៀនរួមទាំងការរៀបចំបទបញ្ជាផ្ទៃក្នុង ដាក់ឆ្លងក្រុមប្រឹក្សាខេត្តពិនិត្យពិភាក្សា សម្រេចនិងរៀបចំ ជាយន្តការជាក់លាក់សម្រាប់អនុវត្ត នៅពេលដែលផ្ទេរមករដ្ឋបាលខេត្តជាអ្នកគ្រប់គ្រង។  

គួរបញ្ជាក់ថានៅខេត្តព្រះសីហនុ មានមណ្ឌលបន្សាបគ្រឿងញៀនមួយស្ថិតក្រោមការគ្រប់គ្រង ដោយបញ្ជាការដ្ឋានអាវុធហត្ថក្រុងព្រះសីហនុ។មណ្ឌលនេះមានទីតាំងនៅក្នុងបរិវេណទីបញ្ជាការកងរាជអាវុធហត្ថក្រុងព្រះសីហនុ នៅតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់លេខ១ ក្រុងនិងខេត្តព្រះសីហនុ។ ថ្មីៗនេះអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញឿនក៏បានបង្កើតជាមជ្ឈមណ្ឌលជាតិស្តារនីតិសម្បទាអ្នកញៀនថ្នាំញៀនមួយផ្សេងទៀត នៅទីតាំងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីបន្សាប ព្យាបាលអ្នកញៀនគ្រឿងញៀនមកពីតំបន់នានា។ 

មណ្ឌលនេះកន្លងទៅថ្មីៗនេះក៏បានផ្ទេរអ្នកញៀនថ្នាំនៅតាមមណ្ឌលខ្លះនៅរាជធានីភ្នំពេញដើម្បីយកមកបន្សាបនៅទីនេះផងដែរក្នុងដំណាក់កាលដំបូងនេះ៕ សាវ៉ុន