លោកយាយចាស់ជារាវ័យ៨៤ឆ្នាំជាស្ត្រីម៉េម៉ាយរើសសំបកដបពីគំនរសំរាមដើម្បីលក់ចិញ្ចឹមជីវិតនិងធ្វើបុណ្យសម្រាប់ជាកុសលផលបុណ្យជាតិខាងមុខ

0

ខេត្តកំពង់ធំ៖ ដូនចាស់ជរាគ្មានទីពឹង រស់នៅសែនលំបាកវេទនា ក្នុងជីវភាពក្រក្សត់ គ្មានមុខរបរ ចាប់អាជីពដើររើសសំបកដប និងអេតចាយតាមគំនរសំរាម សម្រាប់ចិញ្ចឹមជិវិតប្រចាំថ្ងៃជាមួយនិងកូនចិញ្ចឹមម្នាក់ ដែលមាន ជម្ងឺប្រចាំកាយមិនអាចប្រកបមុខរបរអ្វីបាន ក្រោយពីបានទទួលដំណឹងពីលោក ប៊ុន រិទ្ធី អ្នកសារព័ត៌មាន ក្រោមការយកចិត្តទុកដាក់ ពីសំណាក់ហ៊ី ប៊ុនថាន អាជ្ញាធរឃុំ បានសំណូមពរឲ្យ ឯកឧត្តម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលតែងតែជួយឧបត្ថម្ភជូនដល់ អតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតសុំឲ្យជួយឧបត្ថម្ភដូនចាស់ជរា។

ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បន្ទាប់ពីបានជ្រាប់ពីទុក្ខលំបាករបស់ ដូនចាស់ជរាគ្មានទីពឹង ក៏បានដឹកនំាក្រុមការងារ ដោយមានអាជ្ញាធរចូលរួម បាននាំយកអំណោយ ឯកឧត្តមហ៊ុនម៉ាណែត មេបញ្ជាការកងទ័ពជើងគោក មកផ្តល់ជូនលោកយាយថោង ស៊ី អាយុ៨៤ឆ្នាំ ជាស្ត្រីម៉េម៉ាយ  រស់នៅភូមិបល្ល័ង្គ  ឃុំបល្ល័ង្គ  ស្រុកបារាយណ៍ខេត្តកំពង់ធំ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។

លោកយាយថោង ស៊ី បានបើកភ្នែកព្រិច ប្រកបដោយក្តុកក្តួលក្នុងចិត្ត បានបញ្ចេញសំលេងខ្សាវៗ រៀបរាប់ពីជីវិតដ៏កំសត់របស់លោកយាយថា ក្រោយពីស្វាមីស្លាប់ចោល គ្មានកូនចៅនឹងគេ បច្ចុប្បន្នរស់នៅក្រោមដំបូលខ្ទមកំសត់ ជាមួយនឹងកូនចិញ្ចឹមម្នាក់ដែលមានជម្ងឺហើយជួយខ្លួនឯងមិនបានផង ជារៀងរាល់ថ្ងៃ តែងតែដើរជ្រើសរើសសំបកអេតចាយតែគេបានបោះបង់ចោលនៅតាមគំនរសម្រាម  ដើម្បីលក់បានប្រាក់បន្តិចបន្តួច សម្រាប់ទិញបាយហូប និងសម្រាប់ធ្វើបុណ្យសន្សំកុសលទៅជាតិខាងមុខ ដើម្បីកុំឲ្យជួបនូវភាពលំបាកវេទនាដូចជាតិនេះ ។

ឧត្តមសេនីយ៍ទោសោម ស៊ុន បានសម្តែងនូវក្តីអាណិតអាសូ លោកយាយចាស់ជារា ដែលបានកើតមកនៅក្នុង ពិភពលោកដ៏ធំល្វឹងល្បើយ បែរជាត្រូវទទួលទណ្ទកម្មព្រហ្មលិខិតស្ទើរមួយជីវិតទៅវិញ និងសុំឲ្យខិតខំថែរក្សាសុខភាព  ពិសេសការពារការឆ្លងមេរោគកូវីដ១៩ ក្នុងឳកាសនេះ ឯកឧត្តម មេបញ្ជាការ ក៏បានចែករំលែកនូវស្បៀងអាហារសម្បុរសជន ពីឯកឧត្តមហ៊ុនម៉ាណែត និងលោកជំទាវ អង្ករ៥០ក.ក មីម៉ាម៉ា មីខ្លាឃ្មុំបីកេស ទឹកត្រីទឹកស៊ីអ៊ីវ៣យួរ ម៉ាស់ការពារមេរោគកូវីដ១៩ ចំនួន២០ម៉ាស់  និងថវិកាមួយចំនួនទៀតផងដែរ។

លោកយាយថោងស៊ី បានលើកម្រាមដៃដប់ សុំបួងសួងដល់វត្ថុស័ក្កសិទ្ធ ជួយថែរក្សាបីបាច់ ឯកឧត្តមហ៊ុនម៉ាណែត និងលោកជំទាវ រួមទាំងឧត្តមសេនីយ៍ទោសោម ស៊ុន និងក្រុមការងារទាំងអស់ រួមទាំងបុត្រាបុត្រី  និងក្រុមគ្រួសារសុំបានសេចក្តីសុខ  សេចក្តីចម្រើនជួបប្រទះតែនឹងពុទ្ធពរទាំងប្រាំប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភានៈកុំបីឃ្លៀងឃ្លាតឡើយ។

ដោយ ប៊ុន រិទ្ធី