ព្រះរាជអាជ្ញារង ផាត់ សុគន្ធា សម្រេចដោះលែងស្ត្រីម្នាក់ កត់ឆ្នោតវៀតណាមខុសច្បាប់នៅស្រុកល្វា ឯម អោយត្រឡប់ទៅផ្ទះវិញ

កណ្តាល៖ស្ត្រីម្នាក់កត់ឆ្នោតវៀត ណាម ខុសច្បាប់ ត្រូវបាននគរបាលស្រុកល្វាឯម ធ្វើការឃាត់ខ្លួន បានបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ សម្រេចដោះលែងអោយវិលត្រឡប់ទៅផ្ទះវិញហើយ ។

បើតាមលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តកណ្តាលបានអោយដឹងថា ៖ សំណុំរឿងនេះនៅលោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានសម្រេចអោយវិលត្រឡប់ទៅផ្ទះវិញហើយ ដោយមូលហេតុ៖ទី១៖ លោកស្រីព្រះរាជអាជ្ញារងអាណិត ទី២៖ កូនៗនៅតូចអាយុក្រោម៥ឆ្នាំ ទី៣៖ ការលេងល្បែងមិនមែនទ្រង់ទ្រាយធំ លុយត្រឹម៣០ម៉ឺនរៀល ប៉ុណ្ណោះ ។

ដោយឡែកលោកវរសេនីយ៌ ហេង សុផល អធិការនគរបាលស្រុកល្វាឯមបានប្រាប់អោយដឹងដែរថា ៖ ស្ត្រីម្នាក់ដែលកម្លាំងរបស់លោកដឹកនាំដោយអធិការរងទទួលផែនចុះបង្ក្រាបនោះ គឺជាអ្នកកត់ឆ្នោត វៀត ណាម ខុសច្បាប់ ទើបកម្លាំងលោកចុះបង្ក្រាប ។

ហេតុការណ៍ឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទីនៅ នៅចំណុចរោងលក់ទឹកអំពៅ ភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះសែ សុខលីស ភេទស្រី អាយុ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្ន ភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ។

នគរបាលស្រុកល្វាឯមបានបញ្ជាក់ថា ៖នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើកម្លាំងជំនាញបានធ្វើការល្បាតបានឃើញឈ្មោះសែ សុខលី កំពុងធ្វើសកម្មភាពកត់ឆ្នោតវៀតណាមខុសច្បាប់នៅក្នុងរោងលក់ទឹកអំពៅក្បែរផ្លូវជាតិលេខ ៣៨០ ក្នុងភូមិក្តីកណ្ដាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល ភ្លាមនោះកម្លាំងជំនាញបានធ្វើការបង្រ្កាបនិងឃាត់ខ្លួនហើយបញ្ជូនមកអធិការរដ្ឋាននគរបាលស្រុកល្វាឯម បន្តចាត់ការតាមនីតិវិធី ។