ប្រជា​ពលរដ្ឋ​ខ្មែរ​ថៃ មានសង្ឃឹមឡើងវិញហើយ ច្រកអន្តរជាតិប៉ោយប៉ែតនិងបើកដំណើរការឆាប់ៗនេះ

0

ប៉ោយប៉ែត. លទ្ធផលនៃកិច្ចប្រជុំពិភាក្សាការងារពិគ្រោះយោបល់ការបន្ធូរបន្ថយច្បាប់ស្តីពីការគ្រប់គ្រងស្ថានការណ៍ក្នុងគ្រាអាសន្ន ដើម្បីជួយដោះស្រាយដំណើរការសេដ្ឋកិច្ចក្នុងតំបន់ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណ:អភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម ងួន រតន: អភិបាល នៃគណ:អភិបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម កៀត ពិស័ក្តិចាន់ថ្រា អភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ។

ក្រោយពីកិច្ចពិភាក្សារួចមកភាគីកម្ពុជា និងភាគីថៃ បានសម្រេចលទ្ធផលដូចខាងក្រោម៖
១-ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ស្នើឱ្យភាគីខេត្តស្រះកែវ អនុវត្តវិធានការសុខាភិបាល ចត្តាឡីស័ក ១៤ថ្ងៃនៅប្រទេសថៃដល់ប្រជាពលរដ្ឋកម្ពុជាមុននឹងចូលទៅធ្វើការធម្មតា ដែលក្នុងនោះភាគីខាងខេត្តស្រះកែវ ប្រទេសថៃ បានឯកភាពគ្នា ហើយថៅកែដែលយកប្រជាពលរដ្ឋខ្មែរទៅធ្វើការ គឺជាអ្នកធានាសុខភាព និងរ៉ាប់រងថ្លៃចំណាយទាំងអស់ក្នុងកំឡុងពេលធ្វើចត្តាឡីស័ក។

២-រដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើការស្នើសុំដល់ភាគីខេត្តស្រះកែវ ស្នើឱ្យបន្ថែមពេលវេលាបើកច្រកព្រំដែនម៉ាឡៃ (ដោយប្តូរពេលបើកពីម៉ោង ៩ព្រឹក មកម៉ោង ៧ព្រឹកវិញ និងសម្រួលឱ្យមានការចរាចរណ៍ដឹកជញ្ជូនទំនិញបាន) ភាគីខេត្តស្រះកែវ ទទួលយកសំណើ និងយកទៅពិភាក្សាបន្ថែម)។

៣-ក្នុងករណីពលករកម្ពុជាមានជំងឺ ឬ វិជ្ជមានកូវីដ-១៩ ស្នើឱ្យភាគីខេត្តស្រះកែវទទួលរ៉ាប់រងព្យាបាល (ដោយភាគីខេត្តស្រះកែវ មិនទាន់ឆ្លើយតប និងយកទៅពិភាក្សាបន្ថែម)។

៤-ខេត្តបន្ទាយមានជ័យ ស្នើឱ្យមានការអនុញ្ញាតដល់អាជីវករអាចចូលទៅលក់ដូរទំនិញនៅផ្សាររោងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដោយគោរពតាមវិធានការរបស់ក្រសួងសុខាភិបាលនៃប្រទេសទាំងពីរ។ ចំណុចនេះ ខាងភាគីថៃបានឯកភាពចំពោះការចូលទៅលក់ដូរជាធម្មតាតែត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃចំពោះអាជីវករត្រូវចូលទៅលក់រយៈពេលយូរ ៣ខែ ទៅ ៤ខែ។ ដោយឡែក ចំពោះអ្នកចេញព្រឹកមកល្ងាចវិញទាំងទៅផ្សាររោងក្លឿ និងធ្វើការតាមព្រំដែននោះ ភាគីទាំងបីពុំទាន់មានការឯកភាពគ្នានោះទេ សុំពិភាក្សាបន្តនឹងស្នើសុំគោលទៅប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំពិភាក្សានេះ ភាគីខេត្តស្រះកែវ ប្រទេសថៃ បានរៀបចំព្រាងកំណត់ហេតុរួមមួយ ដោយមានការចុះហត្ថលេខាបីភាគី មានខេត្តស្រះកែវ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ដោយឡែកខេត្តបាត់ដំបង និងបន្ទាយមានជ័យ ស្នើសុំយកសេចក្តីព្រាងកំណត់ហេតុរួមនេះមកពិនិត្យជាមុនសិន និងចំណុចដែលខេត្តមិនអាចសម្រេចបានខេត្តនឹងស្នើសុំគោលកាណ៍ទៅក្រសួងមហាផ្ទៃជាមុនសិន។

សូមជម្រាបជូនថា កិច្ចប្រជុំពិភាក្សាការងារពិគ្រោះយោបល់នេះ បានធ្វើឡើងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ វេលាម៉ោង ១១:០០នាទីព្រឹក នៅច្រកទ្វារព្រំដែនខៅឌិន-ភ្នំដី ស្រុកខ្លងហាត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ទល់នឹងស្រុកសំពៅលូន ខេត្តបាត់ដំបង ព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំនេះផ្តោតសំខាន់លើរបៀបវារៈដូចខាងក្រោម៖
១-ឱ្យពលករកម្ពុជាចូលទៅធ្វើការងារក្នុងវិស័យកសិកម្ម ក្នុងព្រះរាជាណាចក្រថៃ
២-ឱ្យអាជីវករកម្ពុជាចូលទៅប្រកបអាជីវកម្មក្នុងផ្សាររោងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ
៣-បើកប្រើប្រាស់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន បណ្តោះអាសន្ន ជាច្រកដឹកទំនិញ ដើម្បីកាត់បន្ថយការកក់ស្ទះ នៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងឡឹក៕ /#លាងសុភ័ក្រ្ត #សារព័ត៌មានអនឡាញពុទ្ធិខ្មែរ