ប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុស្នើអ្នកសារព័ត៌មានត្រូវគោរពតាមក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ត្រូវមានកាវៃឆ្លាតដើម្បីស្វះស្វែងរកព្រភពព័ត៌មានដែលជាក់លាក់

0

ព្រះសីហនុ៖ លោកឱសារឿនប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុបានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពីរបៀបសរសេរព័ត៌មានបែបសន្តិភាពនិងអហិង្សា ដែលបានរៀបចំដោយអង្គការATCនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ។
វគ្គបណ្តុះបណ្តាលនេះមានអ្នកសារព័ត៌មានដែលកំពុងមាននៅខេត្តព្រះសីហនុ ចំនួន២០នាក់បានចូលរួម។
លោក ឱ សារឿន ប្រធានមន្ទីរព័ត៌មាន បង្ហាញការកោតសរសើរដល់អង្គការATC ដែលបានបើកវគ្គសិក្សារយៈពេលខ្លីជាបន្តបន្ទាប់ដើម្បីផ្តល់ឱកាសអោយអ្នកសារព័ត៌មានបានសិក្សាស្វែងយល់លើជំនាញសរសេរព័ត៌មានបែបសន្តិភាពនិងអហិង្សាសម្រាប់ប្រើប្រាស់ដោយការទទួលខុសត្រូវនិងមានក្រមសីលធម៌។
លោកថ្លែងបញ្ជាក់ថាមន្ទីរព័ត៌មានរីករាយសហការចំពោះការបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសផ្នែកសរសេរព័ត៌មានដល់អ្នកកាសែតដើម្បីអោយពួគាត់យល់ដឹងបានទូលំទូលាយដើម្បីក្លាយជាស្ពាននាំសារដ៏រឹងមាំទុកចិត្តបាន រវាងប្រជាជននិងរដ្ឋាភិបាល។
លោកឱសារឿនបានផ្តាំផ្ញើដល់អ្នកសារព័ត៌មានទាំងឡាយត្រូវស្វះស្វែងស្រាវជ្រាវរកប្រភពព័ត៌មានអោយបានជាក់លាក់ច្បាស់លាស់ប្រយ័ត្នគេផ្តល់ប្រភពមិនពិតនិងត្រូវពិនិត្យអោយបានត្រឹមត្រូវមុននឹងផ្សាយ។ត្រូវចៀសវាងការផ្សាយព័ត៌មានមិនពិតបំផ្លែងបំភ្លៃបំប៉ោងបង្ខុសបង្ខូចដើម្បីប្រយោជន៍នាំអោយមានការយល់ច្រឡំនិងប៉ះពាល់ដល់សិទ្ធ សេចក្តីថ្លៃថ្នូរ ចលាចលសង្គមនិងអំពើហិង្សាជាដើម។
លោកឱសារឿនបញ្ជាក់បន្ថែមថាការផ្សាយត្រូវពិនិត្យមើលផងបើការផ្សាយណាដែលធ្វើប៉ះពាល់ដល់តម្លៃឬខាតបង់ដល់ជាតិខ្លួនគួរកុំផ្សាយអី។អ្នកសារព័ត៌មានត្រូវមានភាពវៃឆ្លាតក្នុងការងាររបស់ខ្លួនដើម្បីងាយទទួលបានការសហការពីផ្នែកជាប់ពាក់ពន្ធ័នានា៕