អាជ្ញាធរខណ្ឌសែនសុខចុះបង្ក្រាបផ្ទះលក់ការហ្វេបង្កប់ល្បែងស៊ីសងឆ្នោតឡូតូ ឃាត់មនុស្ស៣នាក់

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខចុះបង្ក្រាបផ្ទះលក់កាហ្វេមួយកន្លែងដែលបង្កប់ល្បែងស៊ីសងខុសច្បាប់( ឆ្នោតឡូតូ) ឃាត់ខ្លួនមនុស្សស្រី៣នាក់នឹងចាប់យកវត្ថុតាងមួយចំនួន។ ករណីនេះកើតឡើងកាលពីវេលាម៉ោង ១៤នឹង៣០នាទីរសៀល ថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្ទះលក់កាហ្វេតាមបណ្តោយផ្លូវ២៧១កែងនឹងផ្លូវ២០០៤(ស្តប់ណូគា) ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រតិបត្តិការ ចុះបង្ក្រា ប បទល្មើសល្បែងស៊ីសងនេះ ដឹកនាំបញ្ជាផ្ទាល់ដោយលោកម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ លោកវរសេនីយ៍ឯកហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ លោកឃឹម រ័ត្ន ចៅសង្កាត់អូរបែកក្អម លោកនាង ផល្លី នាយនគរបាលប៉ុស្តិ៍អូរបែកក្អមនឹងកម្លាំងមានសមត្ថកិច្ចជាច្រើនទៀត។

សូមរំលឹកថា កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាអោយមានការស៊ើបអង្កេតជាបន្ទាន់ ។

លោកឧត្ដមសេនីយ៍ឯក សៀង សេន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអោយដឹងថា លោកបានទទួលបទបញ្ជាដ៏ម៉ឺងម៉ាត់ពី លោកនាយឧត្ដមសេនីយ៍អគ្គស្នងការនគរបាលជាតិ រួចហើយ ដើម្បីដឹកនាំកម្លាំងស្រាវជ្រាវករណីក្រុមហ៊ុន ស៊ីន នីវ ដែលប្រជាពលរដ្ឋរាយការណ៍ ថា បាននិងកំពុងបើកល្បែងស៊ីសងតាមអនឡាញ Keno Online ជ្រកក្រោមស្លាក ឆ្នោតឡូតូ ។

លោកឧត្ដមសេនីយ៍ឯក សៀង សេន បន្តថា ក្នុងករណីសមត្ថកិច្ចស្រាវជ្រាវរកឃើញការពិតដូចប្រជាពលរដ្ឋរាយការណ៍ មែននោះ គឺ សមត្ថកិច្ច នឹងចាត់ការតាមច្បាប់តែម្ដង ។

មជ្ឈដ្ឋានជាច្រើន មើលឃើញថា ក្រុមហ៊ុន ស៊ីន នីវ ដែលទទួលបានអាជ្ញាបណ្ណពីរាជរដ្ឋាភិបាល និង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អោយធ្វើអាជីវកម្មឆ្នោតឡូតូ បាននិងកំពុងបំប្លែងឆ្នោតឡូតូ មួយនេះ ទៅជាល្បែងស៊ីសងតាមអនឡាញ ពង្វក់ប្រជាពលរដ្ឋស្ទើរទូទាំងប្រទេសដោយគ្មានខ្លាចសមត្ថកិច្ចអ្វីទាំងអស់ ដោយក្រុមហ៊ុន បានដាក់តាំងទូរទស្សន៍តាមហាងនានាជាសាធារណៈ យ៉ាងអនាធិបតេយ្យ ថែមទៀតផង ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមនឹងវត្ថុតាងមួយចំនួនត្រូបញ្ជូនទៅអធិការរដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីបន្តនីតិវិធី៕