ការហ្វឹកហ្វឺនជាអាទិភាពត្រូវធ្វើអោយសកម្ម ហើយដូចភ្លៀងរលឹម

បន្ទាយមានជ័យ :ការហ្វឹកហ្វឺនជាអាទិភាពត្រូវធ្វើអោយសកម្ម ហើយដូចភ្លៀងរលឹមលោកឧត្តមសេនីយ៍ទោសេង ធារិន មេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគទី៥ ថ្លែងដូច្នេះក្នុងពិធីបិទវគ្គហ្វឹកហ្វឺនពង្រឹងយោធាបាញ់គ្រាប់ពិតនៃតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យដែលបានធ្វើនៅទីលាន(ភ្នំខ្លាកូន)នាភូមិខ្លាកូនថ្មីសង្កាត់កម្ពុជាស្វាយក្រុងសិរីសោភ៌ណ បានបិទហើយកាលពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០២០ ។
មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ វរសេនីយ៍នៃកងកម្លាំងទាំង៣ និងច្រើនអង្គភាពនិងអាជ្ញាធរដែនដីម្ចាស់មូលដ្ឋានផងដែរ ។
លោកឧត្តមសេនីយ៍ត្រីជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាុយមានជ័យបានអោយដឹងថា៖ ក្នុងផែនការ គឺតំបន់ត្រូវធ្វើវគ្គហ្វឹកហ្វឺនចំនួន៤វគ្គ ប៉ុន្តែសារ វិបត្តិជម្ងឺកូវីត ១៩ ទើបខេត្តធ្វើបានតែ១វគ្គ ក្នុងនោះមានសិក្ខាកាម១០០នាក់ ដែលបានបិទវគ្គពេលនេះ ។
លោកបន្តថា ៖ ខ្លឹមសារវគ្គមាន ៈ យោធារួម អប់រំចិត្តសាស្ត្រ យុទ្ធវិធី បូកបច្ចេកទេសថ្មើរជើង ។ ហើយលទ្ធផលហ្វឹកហ្វឺនគឺនិទ្ទេសល្អ៣៧% បង្គួរ៤៤% និងមធ្យម១៩% ។ ក្នុងនោះក៏មានយុទ្ធដំណើរទ័ព បោះទ័ពត្រៀមការពារទីតាំង និងបាញ់គ្រាប់ពិតផងដែរ ។
លោកឧត្តមសេនីយ៍ទោសេង ធារិន មេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគទី៥ បានមានប្រសាសន៍ថា ៖ ដូចផែនការរបសអគ្គបញ្ជការដ្ឋានកងយោធពលខេមរៈភូមិន្ទនិងអនុសាសន៍របស់លោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជការរងកងយោពលខេមរភូមិន្ទនិងជាមេបញ្ជការកងទ័ពជើងគោក គឺការហ្វឹកហ្វឺនជាអាទិភាពត្រូវធ្វើអោយសកម្ម ហើយដូចភ្លៀងរលឹម ។
ក្នុងនោះ យើងក៏បាននឹងកំពុងខិតខំបង្កើតសាលា រៀបចំមេរៀននិងយោធាចារ្យសម្រាប់ការហ្វឹកហ្វឺនយោធានៅក្នុងប្រទេស ដែលទៅថ្ងៃខាងមុខ ត្រូវកាត់បន្ថយការហ្វឹកហ្វឺននៅបរទេស ។
លោកឧត្តមសេនីយ៍ទោសេង ធារិន បានបន្តថា៖ ជាក់ស្តែង ទោះជារងផលប៉ះពាល់ពីវិបត្តិនៃការរីករាលនៃជម្ងឺកូវិត ១៩ ក៏យោធភូមិភាគនិងកងកម្លាំងតាមកងពល តំបន់ប្រតិបត្តិការសឹកនិងកងឯកភាពនានានៅតែបានហ្វឹកហ្វឺនបន្តបន្ទាប់ដែរ ។
នាឱកាសនោះ លោកក៏បានកោតសរសើរកងទ័ពចំណុះយោធភូមិភាគ ក៏ដូចកងកម្លាំង២ប្រភេទទៀត នៅខេត្តបន្ទាយមានជ័យដែលបានសហការល្អជាងគេជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការងារការពារ ថែរក្សាសន្តិសុខ សុវត្ថិភាពនិងការងារអន្តរាគមន៍ ការងារសង្គមជួយពលរដ្ឋគ្រប់គ្រា ហើយទទួលបានការកោតសរសើរពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចក្រសួងការពារជាតិ អគ្គបញ្ជាការ និងកងទ័ពជើងគោក ។
លោកមេបញ្ជាការរងយោធភូមិភាគទី៥ ក៏រំលឹកពីការអរគុណសន្តិភាព នយោបាយឈ្នះ ឈ្នះនិងដឹងគុណស្ថាបនិកមគ្គុទេសក៍ឯកនិងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព ឯកភាពនិងការអភិវឌ្ឍន៍ជាតិមាតុភូមិ ។ ពិេសសជួយអោយបងប្អូនប្រជាពលរដ្ឋបានកក់ក្តៅ មានជីវភាពប្រសើរឡើងនិងរស់នៅសុខុមដុរម្យនា ៕ដោយ:ឃិន គន្ធា