កងពលតូចដឹកជញ្ជូនលេខ៩៩ បញ្ជូនរថយន្ត ៩០គ្រឿងទៅ ព្រំដែនកម្ពុជា-ថៃ ដើម្បីត្រៀមដឹក ពលករខ្មែរ ព្រោះការផ្ទុះឡើងនៃការឆ្លងជំងឺកូវីដ១៩ ក្នុងប្រទេសថៃ

 

ភ្នំពេញ៖ ដោយគោរពតាមប្រសាសន៍របស់ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំក្រសួងការពារជាតិ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានបញ្ជូនរថយន្តចំនួន៩០គ្រឿង នៅម៉ោងប្រមាណ៦៖០០នាទី យប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះ ទៅកាន់គោលដៅក្នុងច្រកព្រំដែនអូស្មាច់ និងច្រកព្រំដែនដូង។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា នាល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះ បានផ្ញើរសារជាសំឡេងជូនជនរួមជាតិ អំពីស្ថានភាព និងការផ្ទុះឡើងនូវការឆ្លងជម្ងឺកូវីដ១៩ នៅក្នុងប្រទេសថៃ រួមទាំងបានណែនាំដល់ប្រជាពលរដ្ឋ និងមន្រ្តីរាជការ ដើម្បីទប់ស្កាត់បង្កជម្ងឺកូវីដ១៩ ដោយក្នុងខ្លឹមសារនោះ សម្តេចបានឲ្យកងទ័ពចេញរថយន្តទៅដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដោយត្រៀមទទួលបទបញ្ជាពីអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក ត្រូវចេញទៅទាំងយប់ ទៅកាន់៣ច្រក ដែលបានត្រៀមបម្រុងទុក សម្រាប់ច្រកអូស្មាច់ ច្រកដូង និងច្រកប៉ោយប៉ែត ដោយមិនអនុញ្ញាតិឲ្យបងប្អូនប្រជាពលរដ្ឋចូលមកកម្ពុជា ធ្វើដំណើរដោយរថយន្តតាក់ស៊ី និងធ្វើដំណើរបែកខ្ញែក ដែលខ្វះការគ្រប់គ្រង នាំទៅដល់ហានិភ័យ ឆ្លងចូលសហគមន៍៕