ខេត្ត កែប ចំណូលរបស់ប្រជាពលរដ្ឋ​ នៅខេត្តកែប​ លេីវិស័យកសិកម្មនឹងមានការកេីនឡេីង​

ខេត្តកែប៖នៅរសៀលថ្ងៃទី១៩​ ខែធ្នូ​ ឆ្នាំ២០២០​ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណអភិបាលខេត្តកែប អមដំណេីរឯកឧត្តម​ វេង​ សាខុន​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រម៉ាញ់​ និង​នេសាទ​ និងសហការី​ ដែលបានមកខេត្តកែប​ ដេីម្បីពិនិត្យ​ពីដំណេីរការផលិតផ្នែកកសិកម្ម​ របស់ប្រជាកសិករ​ ។ 

ក្នុងគោលបំណង​ តាមដានចលនាជម្រុញផលិតកម្មស្បៀង​ តាមរយ:ការចិញ្ចឹមត្រីអណ្តែង និងកង្កែប​ និងដំណាំផ្សេងៗ​ របស់កសិករ នៅខេត្តកែប​ ឯកឧត្តម​ វេង​ សាខុន​ និង​ ឯកឧត្តម​ សោម​ពិសិដ្ឋ​ បានចុះជួបផ្ទាល់​ តាមមូលដ្ឋានភូមិ​ ឃុំ​ ក្រុងស្រុក​ នៅខេត្តកែប​ ។ 

លោក​ សារ៉េន ជាកសិករម្នាក់​ បានឲ្យដឹងថា លោកទើបចាប់ចូលរួមក្នុងចលនា ជម្រុញផលិតកម្មស្បៀងតាមរយ:ការចិញ្ចឹមត្រីអណ្តែង និងកង្កែបក្នុងវគ្គទី១​ មកដល់ពេលនេះ​ ត្រីអណ្តែង​ និងកង្កែបរបស់​គាត់​ អាចលក់បានជាបណ្តើរៗហេីយ​ ក្នុងតម្លៃត្រីអណ្តែង ១២០០០រ/គ.ក្រ និងកង្កែប ១៥០០០រ/គ.ក្រ។ លោកបានបញ្ជាក់បន្ថែុមទៀតថា ថ្ងៃខ្លះរកចំណូលបាន ២៥-៣០ម៉ឺនរៀលក្នុងមួយថ្ងៃ ទាំងត្រីអណ្តែង និងកង្កែប។ ក្រៅពីនេះលោក​ អាចរកចំណូលបានពីផលស្រូវ ដូង និងមាន់ ដែលអាចទ្រទ្រង់ជីវភាពបានល្អប្រសើរ។ 

បន្ទាប់មក ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលនៃគណអភិបាលខេត្ត​ ជាមួយក្រុមការងារបាន​បន្តសួសុខទុក្ខសមាជិកសហគមន៍កសិកម្មទំនប់អង្គភោគផល​ ដែលមានសមាជិក ៤៨គ្រួសារ ប្រកបរបរ​ ធ្វើស្រូវ ដាំបន្លែ ដំឡូងជ្វា​ ចិញ្ចឹមត្រីអណ្តែង ត្រីប្រា និងចិញ្ចឹមមាន់ គ្រាន់ជាប្រភពចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។ 

ចេញពីសហគមន៍ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញមកពិនិត្យសកម្មភាពដាំបន្លែរបស់កសិករ សែម វល័ក្ខ នៅភូមិកំពង់ត្រឡាច សង្កាត់ជ្រៃធំ ក្រុងកែប។ គាត់ដាំបន្លែស្ពៃ ក្រញាញ់ ត្រឡាច ត្រសក់ទ្រើង ស្លឹកគ្រៃ និងល្ហុង ទុកគ្រាន់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ 

ទោះជាយ៉ាងណា ឯកឧត្តមរដ្ឋមន្ត្រី​ និងឯកឧត្តមអភិបាលខេត្ត​ បានលើកទឹកចិត្តប្រជាកសិករទាំងអស់​ ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីលើកកម្ពស់កម្រិតជីវភាពឲ្យកាន់តែល្អប្រសើរឡើង។ ដោយឡែកចំពោះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត​ដែលជាមន្ទីរជំនាញ ត្រូវចុះជាប្រចាំ​ លើការងារបច្ចេកទេសដាំដុះ និងចិញ្ចឹមត្រី កង្កែប និងសត្វបន្ថែមទៀត​ ធ្វើយ៉ាងណាជម្រុញផលិតភាពផលិតកម្ម​ របស់កសិករ​ ឲ្យកាន់តែល្អប្រសើរថែមទៀត។ 

ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត ពិតជារីករាយ​ និងបានចូលរួមសាទរចំពោះសមិទ្ធផលដែលប្រជាកសិករ ក្នុងខេត្តកែប​ ទទួលបាននាថ្ងៃនេះ។ ឯងឧត្តម​ សង្ឃឹមជឿជាក់ថា​ ការចិញ្ចឹមសត្វ​ ដាំបន្ថែផ្សេងៗនេះ​ នឹងបង្កេីនប្រាក់ចំណូលរបស់ប្រជាកសិកក្នុងមូលដ្ឋានបានច្រេីន​ កាត់បន្ថយភាពក្រីក្រ​ជូនប្រជាពលរដ្ឋ​ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល​កម្ពុជា​៕